បក្សសង្រ្គោះជាតិថាមិនពាក់ព័ន្ធនឹងការចង់ធ្វើរដ្ឋប្រហារ


CNRP 22 07 16 copy

     គណបក្សសង្រ្គោះជាតិ បាននិយាយដកខ្លួនចេញពីភាពពាក់ព័ន្ធ ជាមួយក្រុមរណសិរ្សរំដោះជាតិខ្មែរ ដែលប្រកាសរកឱកាសធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល ។

     មន្ត្រីអ្នកនាំពាក្យសង្រ្គោះជាតិ ឯកឧត្តម យ៉ែម ប៉ុញ្ញារិទ្ធ បានថ្លែងបង្ហាញថា គណបក្សសង្រ្គោះជាតិ មិនជាប់ពាក់ព័ន្ធនឹងក្រុមណាមួយ ដែលប៉ុនប៉ងប្រើអំពើហិង្សា មិនគោរពច្បាប់រដ្ឋធម្មនុញ្ញនោះទេ ។ សម្តីនិយាយដកខ្លួនចេញពីភាពពាក់ព័ន្ធនេះ បានធ្វើឡើង មួយថ្ងៃបន្ទាប់ពីរណសិរ្សរំដោះជាតិខ្មែរ ដែលមានទីតាំងនៅក្រៅប្រទេស បានធ្វើលិខិតប្រកាសអាសន្ន អំពាវនាវសមាជិករបស់ខ្លួន និងសមាជិកស្ថិតក្នុងគណបក្សសង្រ្គោះជាតិ ត្រូវប្រុងប្រយ័ត្នការតាមចាប់ខ្លួន ពីកងកម្លាំងរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីក្រសួងការពារជាតិ នៃប្រទេសកម្ពុជាបាន ស្វែងរកចាប់បុរសជាសមាជិកម្នាក់ ដែលប្រកាសរកធ្វើរដ្ឋប្រហារ ក្នុងប្រទេសកម្ពុជា ។

     រណសិរ្សរំដោះជាតិខ្មែរ គឺជាចលនារបស់មនុស្សមួយក្រុម ដែលជាអតីតសមាជិក គណបក្សសមរង្ស៊ី និងដែលមានទីតាំងក្នុងប្រទេសដាណាម៉ាក ដឹកនាំដោយឈ្មោះ សម សេរី ។ ចលនានេះ ត្រូវគេនិយាយថា មានសមាជិកលាក់ខ្លួនធ្វើសកម្មភាពក្នុងប្រទេសថៃ និងមានបង្កប់ក្នុងគណបក្សសង្រ្គោះជាតិផងដែរ ។