កិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុក


នៅព្រឹកថ្ងៃ អង្គារ ១៤ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជូបពិភាក្សាការងារជាមួយគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ ដែលដឹកនាំដោយ ឯកឧត្តម សុន គន្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ព្រមទាំងក្រុមការងារ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន មន្ទីរ អង្គភាព ជំនាញ ពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ។

សូមបញ្ជាក់ថា ចលនាភូមិមួយផលិតផលមួយគឺជាចលនាដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យជឿជាក់លើខ្លួនឯងក្នុងការច្នៃប្រឌិតផលិតផលមួយ ឬច្រើនប្រភេទតាមបច្ចេកទេស និងស្របតាមភូមិឋាន វប្បធម៌របស់ខ្លួនប្រកបដោយគុណភាព ដោយប្រើប្រាស់វត្ថុធាតុដើម និងធនធានក្នុងស្រុកដែលមានស្រាប់ សម្រាប់លក់លើទីផ្សារក្នុងប្រទេស និងអន្តរជាតិ ដោយឈរលើគោលការណ៍គន្លឹះ ៖

១-រិះរកវិធីផលិតដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃបរិស្ថានភូមិឋាន និងតាមតម្រូវការទីផ្សារ។

២-បង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យខិតខំផលិតតាមរយៈការស្វែងរកទីផ្សារ ការផ្តល់ឥណទាន ការផ្តល់បច្ចេកទេស និងការផ្តល់ពូជ ព្រមទាំងវត្ថុធាតុដើម ។

៣-ជួយបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រង និងធនធានមនុស្ស។

៤-បង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋបង្កើតសហគមន៍កសិកម្មក្នុងទិសដៅធានាតម្លៃផលិតផល។