នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែបឋមសាឍ ពស ២៥៤២ ត្រូវថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានកែលម្អផ្លូវក្រាលកៅស៊ូ DBST ប្រវែង២៦០០ ម៉ែត្រ ឆ្លងកាត់ឃុំគារ និងឃុំរបស់មង្គល ចំណាយថវិកាអស់ប្រមាណ៦០០លានរៀល។ ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ឃុំទាំងពីរនេះ ក៏ដូចជាស្រុកមោងឫស្សីទាំងមូល សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលមកកាន់ទីផ្សារ និងផ្លូវជាតិ។ នៅថ្ងៃតែមួយនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារបឋមសិក្សា ១ខ្នង មាន៣បន្ទប់ នៅក្នុងភូមិថ្មី ឃុំព្រៃតូច ដែលបានចំណាយថវិកាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រីប្រមាណជិត ៤ម៉ឺនដុល្លារ។ សាលាបឋមសិក្សានេះ ត្រូវបានកសាងទ្បើងឆ្លើយតបសំណូមពររបស់បងប្អូនជាអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាការចូលរូមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំ សិក្សាធិការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕