មន្ត្រីអាស៊ានត្រូវគេរាយការណ៍ថា កំពុងព្រួយបារម្ភចំពោះការវិវត្តន៍ចុងក្រោយ នៅសមុទ្រចិនខាងត្បូង និងបានលើកឡើងពីសារៈសំខាន់ នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសេរីភាពនាវាចរណ៍ និងការហោះហើរពីលើសមុទ្រចិនខាងត្បូង ។ ការព្រួយបារម្ភនេះ លើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូវិលត្រឡប់ មកពីការចូលរួមកិច្ចប្រជុំវិញ ហើយដែលនៅក្នុងកិច្ចប្រជុំមានចំនួន ២២កិច្ចប្រជុំ ដែលក្នុងនោះមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចំនួន៣ កិច្ចប្រជុំ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជាមួយដៃគូសន្ទនានានា មានចំនួន ១៤ប្រជុំ និងកិច្ចប្រជុំរដ្ឋមន្ត្រីថ្នាក់អនុតំបន់មានចំនួន ៥ប្រជុំ ។
លោកបន្តថា នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន គឺរដ្ឋមន្ត្រីទាំងអស់បានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាប្រកបដោយផ្លែផ្កា លើបញ្ហានយោបាយ សន្តិសុខ និងសហប្រតិបត្តិការអភិវឌ្ឍន៍សំខាន់ៗ ទាំងក្នុងក្របខណ្ឌរវាងសមាជិកអាស៊ានទាំងអស់ ក៏ដូចជាក្នុងក្របខណ្ឌរវាងប្រទេសអាស៊ាន ជាមួយប្រទេសដៃគូសន្ទនា។ ហើយក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ ក៏បានអះអាងជាថ្មីនៅក្នុងការប្តេជ្ញាចិត្ត ក្នុងការជម្រុញកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អាស៊ាន ដែលបញ្ជាក់ថា អនុវត្តដោយមានប្រសិទ្ធភាព នៅចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ តាមរយៈផែនការការងារសហគមន៍ទាំងបី ២០២៥ ដើម្បីរួមចំណែកក្នុងការថែរក្សា និងលើកស្ទួយសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ។
ក្រៅពីនេះ ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូក៣ មានចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃជំនួបអាស៊ីបូព៌ា ហើយនិងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវេទិការតំបន់អាស៊ាន ។ កិច្ចប្រជុំខាងលើទាំងអស់នេះបានគូសបញ្ជាក់អំពីសារៈសំខាន់ ស្តីអំពីការរក្សាសន្តិភាព សន្តិសុខនៅក្នុងតំបន់ តាមរយៈការធ្វើសហប្រតិបត្តិការ ជាមួយគ្នាឲ្យកាន់តែទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព ។ អ្នកនាំពាក្យក្រសួងការបរទេសបានបន្តថា បញ្ហាតំបន់ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះធម្មជាតិ ត្រូវបានលើកយកមកពិភាក្សា នៅក្នុងបណ្តាកិច្ចប្រជុំខាងលើនេះ ។
នៅក្នុងអង្គប្រជុំក៏បានសម្តែងការព្រួយបារម្ភ ចំពោះការវិវត្តន៍ចុងក្រោយ នៅសមុទ្រខាងត្បូង ហើយបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសេរីភាពនាវាចរណ៍ និងការហោះហើរពីលើសមុទ្រចិនខាងត្បូង ។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់អះអាងថា កម្ពុជាក្នុងឋានៈជារដ្ឋមិនពាក់ព័ន្ធនឹងជម្លោះ បានប្រកាន់ជំហរមិនកាន់ជើងខាងភាគីណាមួយឡើយ ដោយបញ្ហានេះ គឺជាបញ្ហាជម្លោះទ្វេភាគីរវាងហ្វីលីពីន និងចិន ។ ហើយបានលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធ ដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី តាមរយៈការពិគ្រោះការចរចាស្របតាមគោលការណ៍ នៃច្បាប់អន្តរជាតិ រាប់ទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីសមុទ្រឆ្នាំ១៩៨២ ។