លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សានៅវត្តពោធិ៍បន្ទាយ នៅឃុំកណ្តៀងរាយ ខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សានៅវត្តពោធិ៍បន្ទាយ ស្ថិតនៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួម សុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែប យ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

លោកជំទាវបានបន្តទៀតថា ការសម្ពោធដាក់ឲ្យប្រើប្រាស់នូវសាលាពុទ្ធិកបឋមសិក្សានាថ្ងៃនេះគឺជាអំណោយដ៏ថ្លៃថ្លាររបស់ឯកឧត្តម ចៅ ភិរុណ និងលោកជំទាវ រួមជាមួយពុទ្ធិបរិស័ទចំណុះជើងវត្ត ដែលបានចំណាយថវិកាអស់ ១៤២.៦៣៨ដុល្លារ ហើយក៏ជាការផ្សាភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ហើយក៏បានបញ្ជាក់ឲ្យឃើញពីប្រទេសជាតិ ដែលមានសុខសន្តិភាព និងការរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញតិឲ្យយើងទាំងគ្នាបានរួមគ្នាធ្វើបុណ្យទាំងអស់គ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ។

ថ្លែងក្នុងពិធីនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំង អស់គ្នាត្រូវចូលរួមគោរពច្បាប់ចរណ៍ទាំងអស់គ្នា និងត្រូវចូលរួមបោះឆ្នោត នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលនឹងប្រព្រឹតទៅនៅពេលខាងមុខ ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាបានបន្តដឹកនាំប្រទេសឆ្ពោះទៅរក ការអភិវឌ្ឍន៍បន្ថែមទៀត៕