គ្រប់សមាជិក ប.ស.ស ទាំងអស់នឹងទទួលបានការធានារ៉ាប់រងទាំងស្រុង និងទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស នៅពេលមានគ្រោះថ្នាក់ការងារ ឬមានបញ្ហាសុខភាព


កំពង់ចាម៖ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ចាម កាលពីល្ងាច​​ថ្ងៃអង្គារ ០៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង៣០នាទីព្រឹក បានចុះផ្តល់តាវកាលិក (អត្ថប្រយោជន៍) ប្រាក់វិភាជន៍បូជាសព និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតជូនដល់គ្រួសារជនរងគ្រោះឈ្មោះ ឈុន​​​ ឌីណា ភេទប្រុស ជាបុគ្គលិកបម្រីការងារនៅក្នុងគ្រឹះស្ថាន​ ចំរើន​ម៉ាយក្រូហ្វាយនែន​ លីមីតធីត ដែលបានជូបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងទៅបណ្តាលឱ្យស្លាប់បាត់បង់ជីវិត។
ការចុះប្រគល់ជូនអត្ថប្រយោជន៍ខាងលើជូនដល់គ្រួសារជនរងគ្រោះ គឺមានទីតាំងស្ថិតនៅក្នុង ភូមិតាខុង ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់។

គួររំលឹកផងដែរថា គិតមកដល់ពេលនេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានកំពុងនឹងដំណើរការរបបសន្តិសុខសង្គមចំនួនពីរគឺ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលមានរោងចក្រ សហគ្រាស គ្រឹះស្ថាន បានចុះបញ្ជីកម្មករនិយោជិតមកក្នុង ប.ស.ស សរុបចំនួន ១១៩៥២ និងមានសមាជិកសរុបចំនួន ១៤៦១១៨២ នាក់ ។

គួរបញ្ជាក់ផងដែរថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស ជាសេនាធិការ នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ នឹងដាក់ឱ្យដំណើររបបសន្តិសុខសង្គមផ្នែកប្រាក់សោធនផងដែរ ដើម្បីឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ទទួលបានប្រាក់រ៉ឺត្រែត បន្ទាប់ពីពួកគាត់បានបំពេញគ្រប់អតីតភាពការងារ។