លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគម្រោងអភិវឌ្ឍន៍រម្មណីយដ្ឋាន វីសនីរីសតស៊ីធី ដែលមានទីតាំងនៅខេត្តព្រះសីហនុ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ គម្រោងអភិវឌ្ឍន៍រម្មណីយដ្ឋាន វីសនីរីសតស៊ីធី (Wisney Resort City) ដែលពិធីនេះត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទីពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ លោក Lim Chia Loon ប្រធានក្រុមហ៊ុន SV International ដែលបាន សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគចំនួនជាង ១ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅលើផ្ទៃដីជាង ៦៥ហ.ត លើគម្រោងអភិវឌ្ឍន៍រម្មណីយដ្ឋាន វីសនីរីសតស៊ីធី (Wisney Resort City) រួមមាន រម្មណីយដ្ឋានកម្សាន្តទឹក (water theme park) សណ្ឋាគារ និងកាស៊ីណូ ផ្សារទំនើប សួនច្បារ ឱទ្យានលំហែរកាយ ផ្លូវ និងឧទ្យានវប្បធម៌ ព្រះវិហារ ។ល។ ដែលមានទីតាំងនៅក្រុងព្រះសីហនុ នៃខេត្ដព្រះសីហនុ ។

លោកជំទាវបានបន្តទៀតថា ជាមួយនឹងទុនវិនិយោគយ៉ាងច្រើនលើគម្រោងនេះពិតជាអាចទាក់ទាញទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកទស្សនាខេត្តព្រះសីហនុ ដើម្បីរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុឱ្យកាន់តែជឿនលឿនបន្ថែមទៀត។ ទាំងនេះគឺការឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ពីបណ្តាអ្នកវិនិយោគបរទេស មកលើព្រះរាជាណាចក្រកម្ពុជា ដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំប្រកបដោយកត្ដិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ។

លោកជំទាវក៏បានស្នើដល់ក្រុមហ៊ុនដែលជាម្ចាស់គម្រោងដ៏ធំនេះ សូមអនុវត្តការសាងសង់ និងធ្វើប្រតិបត្តិការ អាជីវកម្ម ដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋានជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា៕