លោកស្រី ថាក់ ឡានី ចង់គេចខ្លួនទៅក្រៅប្រទេស


Tak Lany 03 08 16 2

     សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងម្នាក់ ដែលរងការប្តឹងពីមេធាវី សម្តេចតេជោ ហ៊ុន សែន ត្រូវគេរាយការណ៍ថា បំរុងនឹងរត់ចាកចេញពីប្រទេស ។

     លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បានរងការប្តឹងកាលពីម្សិលមិញ ពីសំណាក់មេធាវី សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបានចោទថា នាយករដ្ឋមន្ត្រីជាប់ពាក់ព័ន្ធការបាញ់សម្លាប់ លោក កែម ឡី

     លោកស្រី ថាក់ ឡានី បាននិយាយចោទប្រកាន់បែបនេះ ក្នុងវេទិកាសាធារណៈមួយ កាលពីថ្ងៃទី២៩ ខែកក្កដា ក្នុងខេត្តរតនគីរី ។ សេចក្តីរាយការណ៍បានបង្ហាញថា លោកស្រី ថាក់ ឡានី បានរកការគេចខ្លួនទៅក្រៅប្រទេសនាពេលនេះ… ប៉ុន្តែសម្តេចតេជោសែន បានមានប្រសាសន៍ថា លោកស្រី ថាក់ ឡានី គួរតែហ៊ានប្រឈមមុខនឹងការពិត ដែលនិយាយចោទប្រកាន់លើសម្តេចបែបនោះ ។ ក្នុងបណ្តឹងទាក់ទងនឹងសមាជិកព្រឹទ្ធសភាលោកស្រី ថាក់ ឡានី ពាក្យបណ្តឹងរបស់មេធាវីបានសរសេរសុំឱ្យតុលាការផ្តន្ទាទោស លោកស្រី ថាក់ ឡានី តាមផ្លូវច្បាប់ និងទាមទារការសងជម្ងឺចិត្តចំនួនទឹកប្រាក់ចំនួន ១រយរៀលផងដែរ ។

     គួររំលឹកថា លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ក្នុងហាងកាហ្វេម៉ាតមួយកន្លែងក្នុងខណ្ឌចំការមន ។ សមត្ថកិច្ចដែលសហការជាមួយនឹងប្រជាជន បានដេញយ៉ាងប្រកិត និងចាប់ខ្លួនបាននៅលើផ្លូវសុធារស ក្បែរវត្តស្វាយអំពែ នៅថ្ងៃដដែលនោះ ។ ជនសង្ស័យ បានក្លែងទាំងឈ្មោះ និងកន្លែង ស្នាក់នៅថែមទៀត ដែលទីបំផុតត្រូវបណ្តាញសង្គមបានផ្សាយឈ្មោះពិតថា មិនមែនឈ្មោះ ជួប សម្លាប់ ទេ…ឈ្មោះពិតប្រាកដគឺ ឈ្មោះ អឿត អាង ដែលធ្លាប់ ជាសកម្មជនរបស់ គណបក្សសង្រ្គោះជាតិ ក្នុងខេត្តសៀមរាបថែមទៀត ។

     ជនល្មើសកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន ហើយសំណុំរឿងក៏កំពុងស្ថិតក្នុងសមត្ថកិច្ច របស់តុលាការរាជធានីភ្នំពេញផងដែរ ។