ថ្នាក់ដឹកនាំចិនអបអរកម្ពុជាលើជំហរឈូងសមុទ្រ


China Sea 03 08 16 2 copy
ឯកអគ្គរដ្ឋទូតចិនបានថ្លែងថា មេដឹកនាំ និងប្រជាពលរដ្ឋចិនរាប់លាននាក់ បានសម្ដែងការអបអរ ចំពោះជំហររបស់នាយករដ្ឋមន្ត្រីកម្ពុជា លើបញ្ហាសមុទ្រចិនខាងត្បូង ។
គួររំលឹកថា មុននេះជម្លោះនៅសមុទ្រចិន ខាងត្បូងរវាងចិន ហ្វីលីពីន… ចិន និងវៀតណាម គឺមានការបង្ខំចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជា លូកដៃក្នុងការទទួលស្គាល់ ការចេញសាលដីកាតុលាការអន្តរជាតិមួយ ទាក់ទងនឹងជម្លោះកោះរវាងចិន និងហ្វីលីពីន ។ ប៉ុន្តែកម្ពុជាដែលប្រកាន់ជំហរឱ្យមានការចរចាទ្វេភាគី លើការដោះស្រាយជម្លោះ បានបដិសេធមិនទទួលស្គាល់សាលដីកាតុលាការអន្តរជាតិ ដែលបានកាត់ក្ដីទៅលើភាគីជម្លោះនោះឡើយ ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកជំទាវ Bou Jiangou នៅព្រឹកថ្ងៃ២ ខែសីហានេះ បានថ្លែងថា ជំហររបស់ប្រទេសកម្ពុជាលើបញ្ហាសមុទ្រចិន ខាងត្បូង បានទទួលការអបអរសាទរជាខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជនចិនរាប់រយលាននាក់ ។
បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង ត្រូវគេមើលឃើញថា កន្លងមក បាននាំឲ្យកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០១២ មិនអាចចេញសេចក្ដីថ្លែងការណ៍រួមបាន ដែលពេលនោះ ប្រទេសមួយចំនួនបានទំលាក់កំហុសមកលើប្រទេសកម្ពុជា ។
     សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង គឺកម្ពុជាមិនអាចគាំទ្រលើភាគីណាមួយបានទេ ដែលវានាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជា និងអាស៊ានទាំងមូល ។ សម្ដេចធា្លប់បានថ្លែងថា មធ្យោបាយដែលល្អគឺជាចរចារគ្នា រវាងគូភាគីដែលមានជម្លោះ ទើបជាការដោះស្រាយបញ្ហាដោយសន្ដិវិធី ។