ក្រុមការងារអន្តរាគមន៍ពិសេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអាជ្ញាធរខេត្តបាត់ដំបង បានចុះពិនិត្យ និងអន្តរាគមន៍ទៅលើផលប៉ះពាល់ដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបវេល និងស្រុកថ្មគោល ខេត្តបាត់ដំបង


ថ្ងៃអាទិត្យ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៨ ក្រុមការងារអន្តរាគមន៍ពិសេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអាជ្ញាធរខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តមអភិបាលខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យ និងអន្តរាគមន៍ទៅលើផលប៉ះពាល់ដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបវេល និងស្រុកថ្មគោល ខេត្តបាត់ដំបង ។

តាមការពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថា ៖
១. ការប៉ះពាល់ ៖
– ផ្ទៃដីប៉ះពាល់សរុបមានប្រមាណ ១០.០០០ ហិកតា ប៉ុន្តែតាមរយៈការអន្តរាគមន៍ជាង ១ សប្តាហ៍ កន្លងមក ផ្ទៃដីប្រមាណជាង ៤.០០០ ហិកតា ហើយ ត្រូវបានសង្គ្រោះជាបន្តបន្ទាប់ ។
– ផ្ទៃដីដែលនៅសេសសល់មិនទាន់បានអន្តរាគមន៍ មានប្រមាណជាង ៥.០០០ ហិកតា ក្នុងនោះ ផ្ទៃដីប៉ះពាល់ធ្ងន់ធ្ងរ (អាចនឹងខូចខាតប្រសិន ១ សប្តាហ៍ទៀត គ្មានទឹកទៅដល់) មានចំនួនប្រមាណ ១.០០០ ហិកតា ។

២. មូលហេតុដែលបង្កឱ្យមានផលប៉ះពាល់ ៖
– អ្នកនៅផ្នែកខាងលើ តែងតែធ្វើការទម្លាក់ទ្វារទឹកចុះ ដើម្បីបញ្ចាល់ទឹកឱ្យហូរហៀរលើខ្នងប្រឡាយចូលស្រែតែម្តង ។ នៅពេលមានការអន្តរាគមន៍ពីមន្ទីរជំនាញ ពួកគាត់បានបើកទ្វារទឹកតែក្នុងរយៈពេលខ្លីប៉ុណ្តោះ រួចក៏លួចទម្លាក់ចុះវិញ ។
– ប្រឡាយមួយចំនួន នៅពេលដែលដល់វេនត្រូវបានទទួលទឹក បងប្អូនកសិករ តែងតែធ្វើការបង្វែរទឹកទៅឱ្យទៅប្រឡាយផ្សេងៗទៀត ដើម្បីទទួលទឹកមុន ។ ការមិនទទួលបានទឹកដែលដល់វេននេះ គឺមានរហូតដល់ទៅ ៣ ដង ស្មើនឹង ៩ ថ្ងៃ ដែលនេះក៏ជាផ្នែកមួយបណ្តាលឱ្យមានផលប៉ះពាល់ផងដែរ ។

៣. ការដោះស្រាយ ៖
– ក្រុមការងារ បានបញ្ជាឱ្យបើកទ្វារទឹកនៅផ្នែកខាងលើទាំងអស់ ដើម្បីឱ្យទឹកហូរចុះមកផ្នែកខាងក្រោម និងបញ្ជាឱ្យអធិការដ្ឋាននគរបាលស្រុក ត្រូវតែដាក់កម្លាំងការពារនៅតាមបណ្តាទ្វារទឹកដែលបើកទាំងនោះ មិនឱ្យមានការលួចទម្លាក់ចុះទៀតទេ ។
– ទឹកដែលទម្លាក់មក គឺជាអាទិភាព ត្រូវបញ្ជូនទៅកាន់កន្លែងដែលរងផលប៉ះពាល់ធ្ងន់ធ្ងរប្រមាណ ១.០០០ ហិកតា ជាមុន រួចទើបបន្តបញ្ជូនទៅកាន់តំបន់ប៉ះពាល់ដទៃទៀត ។

៤. ការសន្និដ្ឋាន ៖ តាមរយៈការដោះស្រាយដោយប្រើប្រាស់វិធានការម៉ឺងម៉ាត់ក្នុងការបែងចែកទឹកនេះ ស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នឹងមិនរងការខូចខាតទេ ។