លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ សរុបចំនួន ២៤២៦នាក់ដោយឥតគិតថ្លៃ


បន្ទាយមានជ័យ ៖ នៅថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ សរុបចំនួន ២៤២៦នាក់ដោយឥតគិតថ្លៃ។

ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅទីតាំងកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងពិធីនោះ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសុខសន្តិភាព និងការរីកចម្រើនទៅមុខបន្តបន្ទាប់ទៅទៀត។
លោកជំទាវ ហ៊ុន ម៉ាណា បានថ្លែងអំណរគុណក្រុមការងារចុះពង្រឹងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តបន្ទាយមានជ័យ ដែលធ្វើឱ្យខេត្តនេះមានការរីកចម្រើនស្ទើរគ្រប់វិស័យ។
មុនការពិនិត្យ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក និងថ្ងៃត្រង់មាន នំបញ្ចុក នំបុ័ង បបរគ្រឿង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាលបំផុត។
ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាព្យាបាលថ្ងៃនេះ និងចែកជូនវែនតាសម្រាប់លោកយាយ លោកតា ចំនួន ៩៤២នាក់,ខោអាវលោកយាយ លោកតាជាច្រើននាក់ ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ១៧គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ និងកងទ័ព ដែលបានអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺ នាពេលនេះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង។
សូមបញ្ជាក់ថា : ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានធ្វើសកម្មភាពចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ព្រមទាំងកងទ័ព នៅតាមបណ្តាខេត្តនានា និងនៅតាមតំបន់ដាច់ស្រយាលជាច្រើនគោលដៅកន្លងរួចមកហើយ។
លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានមានប្រសាសន៍បន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នៅតែចុះធ្វើសកម្មភាពមនុស្សធម៌បែបនេះជាបន្តបន្ទាប់ទៅទៀត។