អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម អញ្ជើញចុះសំណេះសំណាលជាមួយអ្នកសង្កេតការណ៍និងភ្នាក់ងារសង្កេតការណ៍គណបក្សប្រជាជនកម្ពុជានៅទូទាំងស្រុកត្បូងឃ្មុំ ក្រុងសួង និងសមាគមនារីខេត្តត្បូងឃ្មុំ


រសៀលថ្ងៃអាទិត្យកើត១២កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធិស័ក ព.ស ២ ៥៦២ ត្រូវនឹងថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំលោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល និងធ្វើការណែនាំដល់អ្នកសង្កេតការណ៍និងភ្នាក់ងារសង្កេតការណ៍គណបក្សប្រជាជនកម្ពុជានៅទូទាំងស្រុកត្បូងឃ្មុំ ក្រុងសួងនិងសមាគមនារីសរុបចំនួន១២៤៩នាក់នាក់ ។

បន្ទាប់ពីស្តាប់របាយការណ៍ សភាពការណ៍ជាក់ស្តែងរបស់លោកអភិបាលនៃគណៈអភិបាលស្រុក រួចមក លោក ចាយ បូរិន បានសំដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានសុខសុវត្ថិភាពនិងការរីកចម្រើននាបច្ចុប្បន្ននេះ។

អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមលោកចាយ បូរិនបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើអោយប្រទេសជាតិទទួលបាននូវសុខសន្តិភាពស្ថេរភាពពេញលេញនិងការអភិវឌ្ឍជាតិ ការផ្តល់អ្វីៗសព្វបែបយ៉ាងទៅអោយប្រជាពលរដ្ឋ។ទន្ទឹមនឹងនេះលោកតំណាងរាស្រ្តក៍បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃធំជាងអ្វីៗទាំងអស់ ដែលយើង ត្រូវតែរួបរួមគ្នាថែរក្សាវាអោយបានជានិច្ចនិរន្តន៍ ព្រោះខ្មែរបានភ្លក្សហើយនូវរសជាតិសង្គ្រាមកាលពីអតីត កាល ទំរាំយើងរកបានសន្តិភាពមកវិញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទើបតែអាចបញ្ចប់សង្គ្រាមបានកាលពីឆ្នាំ១៩៩៨។
អ្នកតំណាងរាស្រ្តក៏បានផ្តល់ការណែនាំ ចែករំលែកបទពិសោធន៍ ចំណេះដឹងលើការងារបោះឆ្នោត ដោយបានពន្យល់ពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីនានា ពាក់ព័ន្ធនឹងការបោះឆ្នោត ជូនដល់អ្នកសង្កេតការណ៍ទាំងអស់ ដើម្បីមានមូលដ្ឋានយកទៅអនុវត្ត។ ជាមួយគ្នានេះក៏បានបញ្ជាក់ថា ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នៅថ្ងៃទី២៩ កក្កដា ២០១៨ ប្រព្រឹត្តិទៅប្រកបដោយភាពរលូន ត្រឹមត្រូវតាមច្បាប់នោះ ទាមទាឱ្យគ្រប់ភាគីពាក់ព័ន្ទទាំងអស់រួមសហការ អនុវត្តឱ្យបានត្រឹមត្រូវនូវរាល់ច្បាប់ បទបញ្ជា និងនិតិវិធីណែនាំនានាដែល គណកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ ជ ប) បានកំណត់។លោកចាយបូរិនក៏បានលើកឡើងផងដែរពីក្រមសីលធម៌អ្នកសង្កេតការណ៍និងភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយសម្រាប់អនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យក្នុងពេលសង្កេតការណ៍បោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ។

ជាមួយគ្នានេះ លោកចាយបូរិន ក៏បានណែនាំដល់សមាជិកចូលរួមទាំងអស់ប្រមែប្រមូលបងប្អូន សាច់ញាតិ ក្រុមគ្រួសារទៅបោះឆ្នោតនាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឱ្យបានគ្រប់ៗគ្នាដើម្បីបង្ហាញពីសិទ្ធក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួនបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរនិងប្រើសិទ្ធផ្ទាល់ខ្លួនក្នុងការជ្រើសរើសអ្នកដឹកនាំប្រទេសដែលបងប្អូនគិតថាជាអ្នកដឹកនាំល្អនាំប្រទេសទៅរកសុខសន្តិភាពការអភិវឌ្ឍនិងវិបុលភាពនិងបន្តយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមនឹងនេះដែរលោកតំណាងរាស្រ្តបានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវបន្តយកចិត្តទុកដាក់សាមគ្គីជាធ្លុងមួយរួមគ្នាបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរថែមទៀត ដោយមិនត្រូវបែងចែកនិន្នាការនយោបាយ បក្សពួកអ្វីឡើយ។

ជាថ្មីម្តងទៀត លោក ចាយ បូរិន ក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ត្រូវប្រមែប្រមូលបងប្អូនញាត្តិមិត្តជិតឆ្ងាយដែលបងប្អូនស្គាល់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ២០ ។