ឯកឧត្ដមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងពីធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលសហគមន៍


ព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០១៨ នៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូលខេត្តកណ្ដាល ឯកឧត្ដមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញជាអធិបតីក្នុងពីធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលសហគមន៍ក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រសាកល្បង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។ គម្រោងនេះមានថវិកាសរុប ៣៣,៣៣ លានយ៉េន ស្មើនឹងជាង ៥ លាន ដុល្លាអាមេរិក ក្នុងរយ:ពេល ៣ ឆ្នាំ ២០១៧-២០២០ សម្រាប់ធ្វើសកម្មភាពផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធស្រោចស្រពខ្នាតតូច ចិញ្ចឹមសត្វ បណ្ដុះបណ្ដាលជំនាញ និងសាងសង់មជ្ឈមណ្ឌលសហគមន៍មួយកន្លែងនៅក្នុងបរិវេណសាលាឃុំស្វាយអំពារ ស្រុកមុខកំពូលខេត្តកណ្ដាល ៕