ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ នូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់»


(ក្រចេះ)៖ ដើម្បីរួមចំណែកការពារអត្តសញ្ញាណផលិតផលប្រពៃណី សំដៅធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់» ដែលជាឈើហូបផ្លែធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ពិសា និងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយម។

ពិធីប្រកាសត្រូវបានរៀបចំឡើងនៅលើកោះទ្រង់ ក្នុងខេត្តក្រចេះ ក្រោមគណៈអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីតំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ពាណិជ្ជករ និងនិស្សិតប្រមាណ ២០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងពីអត្ថប្រយោជន៍នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលឧបករណ៍ទីផ្សាដ៏មានសក្តានុពល និងប្រសិទ្ធភាពខ្ពស់ ដើម្បីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ហើយការដាក់ឲ្យប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់» ថ្ងៃនេះ នឹងជួយបង្កើនឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជនមូលដ្ឋាន ព្រមទាំងទាំងលើកកម្ពស់វិស័យទេសចរណ៍ជាតិថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ខិតខំថែរក្សាបរិស្ថានធម្មជាតិ ហើយបន្តគោរព និងអនុវត្តន៍តាមសៀវភៅបន្ទុកក្រូចថ្លុងកោះទ្រង់ ដើម្បីទទួលបានសិទិ្ធប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់» សម្រាប់បិទនៅលើផលិតផលរបស់ខ្លួន ដែលនឹងធានាបាននូវការបញ្ជាក់ប្រភពដើម រសជាតិ និងគុណភាព ជូនអ្នកបរិភោគ ក៏ដូចជាការជំរុញនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តម វ៉ា ថន បានលើកឡើងពីសារៈសំខាន់នៃការបង្កើតសមាគមក្រូចថ្លុងកោះទ្រង់ ដែលបានជួយទប់ស្កាត់ការក្លែងបន្លំអត្តសញ្ញាណ និងប្រភពដើមរបស់ផលិតផលក្រូចថ្លុងកោះទ្រង់ ព្រមទាំងជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តកាន់តែច្រើននៅក្នុងខេត្តក្រចេះ ជាពិសេសទឹកដីកោះទ្រង់។ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់ប្រជាកសិករ បង្កើនការដាំដំណាំក្រូចថ្លុង និងចូលរួមជាសមាជិកសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ ដើម្បីទទួលបាននូវបានអត្ថប្រយោជន៍ផ្សេងៗសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។

លោកស្រី អេឡិច ហ្គ្រាស្យូលី (Alexandra Grazioli) តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានចាត់ទុកការចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់» ថ្ងៃនេះ គឺជាជោគជ័យមួយទៀត សម្រាប់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់កម្មវិស័យសិទ្ធិបញ្ញា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្សាភ្ជាប់ផលិតផលប្រពៃណី ទៅនឹងការគោរពបរិស្ថាន សម្រាប់ទុកជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។

សូមបញ្ជាក់ថា នៅលើកោះទ្រង់បច្ចុប្បន្ន មានប្រជាពលរដ្ឋដាំក្រូចថ្លុងសរុប ៣៣១គ្រួសារ ដែលក្នុងនោះ ១៥៥គ្រួសារ ទើបតែបានចូលជាសមាជិកសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់។ តាមរយៈសមាជិកភាពនេះ បានធ្វើឲ្យប្រជាកសិករ រីករាយជាមួយទិន្នផលប្រចាំឆ្នាំយ៉ាងតិច ១០០ផ្លែ ក្នុងមួយដើម ចេញពីដើមក្រូចថ្លុងចំនួន ២,៤៧៤ដើម ក្នុងចំណោមដើមក្រូចថ្លុងសរុប ១៣,៧៩០ដើម។

ការប្រឹងប្រែងដាក់បញ្ចូលផលិតផលក្រូចថ្លុងកោះទ្រង់ ឲ្យទៅជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់ពីកិច្ចប្រឹងប្រែងរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលជាសេនាធិការនៃក្រសួងពាណិជ្ជកម្ម និងការគាំទ្របច្ចេកទេស និងហិរញ្ញប្បទានរបស់អង្គការកម្មសិទិ្ធបញ្ញាពិភពលោក។ ហើយនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងពាណិជ្ជកម្ម បន្ថែមពីលើសមិទ្ធផលជាច្រើន ដែលក្រសួងទទួលបាននាពេលកន្លងមក៕