សម្តេចភក្តី សាយ ឈុំ អញ្ជើញ បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨
វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ ដូចខាងក្រោម៖
១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៤ ។
២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៤ ។
៣- កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១ ព្រឹទ្ធសភានីតិកាលទី៤។

ក្នុងរបៀបវារៈទី១និងទី២បន្ទាប់ពីបានស្តាប់ ឯកឧត្តម គង់ សារាជ ប្រធាន គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រឹទ្ធសភា (គ៩) ជម្រាបរាយការណ៍ជូនអំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង២ខាងលើ និងស្តាប់មតិពិភាក្សាផ្តល់យោបល់របស់អង្គប្រជុំរួចមក អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានសំរេចអនុម័តយល់ព្រមតាមសំណើរបស់គណៈកម្មការទី៩ នៃព្រឹទ្ធសភា ដាក់សេចក្តីព្រាងច្បាប់ទាំង២ខាងលើ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៤ ដោយចាត់ទុកជាការប្រញាប់។
ចំពោះរបៀបវារៈទី៣ សម្តេចប្រធានអង្គប្រជុំ បានលើកស្នើពីរបៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី១ព្រឹទ្ធសភា នីតិកាលទី៤ ដោយស្នើកំណត់យកថ្ងៃ ពុធ ទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ៨ ព្រឹកដោយមានរបៀបវារៈដូចខាងក្រោម ៖
១- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី។
២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប ។
អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានអនុម័តយល់ព្រមចំនួន១២សំឡងនៃចំនួនសមាជិកអចិន្ត្រៃយ៍ព្រឹទ្ធសភាទាំងមូល៕