សមទ្ធិផលថ្មីមួយទៀតនៃវិស័យទឹកស្អាត នឹងលេចរូបរាងឡើងនៅកណ្តាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៩ ខាងមុខ


ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម​ ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម អមដំណើរដោយថ្នាក់ដឹកនាំ​ និងមន្ត្រីជំនាញ របស់ក្រសួង និង​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអញ្ជើញចុះពិនិត្យជាក់ស្តែងការដ្ឋានសាងសង់ពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន​ ដែលមានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។​

​តាមបទបង្ហាញរបស់តំណាងក្រុមហ៊ុនសាងសង់ និងរបាយការណ៌របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា៖ គម្រោងសាងសង់ពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន​ គឺជាគម្រោង ដែលបានកំណត់ក្នុងផែនការមេទី៣ របស់អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមគម្រោងហិរញ្ញប្បទានរួមគ្នា ដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៌ (AFD) និងថវិកាបដិភាគដោយអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានទំហំទឹកប្រាក់ចំនួន ជាង១៥ លានដុល្លារសហរដ្ឋអាមេរិក ​និងជិត ០៨ លានអឺរ៉ូ។ គម្រោងនេះ បានចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន វុាំង ស៊ី (VINCI) ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ និងស្ថិតក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន សាហ្វេរ (Safege)។ គម្រោងនេះបានចាប់ផ្តើមបើកការដ្ឋានពង្រីកសមត្ថភាពអាងប្រព្រឹត្តិកម្មរបស់ខ្លួននាថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។

​គម្រោងនេះរួមបញ្ចូលក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធទាំងមូល រួមទាំងបណ្តាញមេនាំទឹកល្អក់ ដែលមានសមត្ថភាពបូមទឹកល្អក់ពីទន្លេបាសាក់បានចំនួន ៥៧.០០០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ និងនាំទឹកស្អាតនៃរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមននេះ ក្នុងសមត្ថភាពផលិតចំនួន៥២.០០០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ។ បច្ចុប្បន្នគម្រោង នេះបានសម្រេចការងារចំនួន ២៩ % ធៀបនឹងការងារទាំងមូល។

​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល នៃការពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន​នេះ ដែលជាជំនួយដ៏សំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងខណ្ឌចំការមន ដែលកំពុងមានការរីកដុះដាលយ៉ាងព្រោងព្រាតនូវសំណង់អគារធំៗ ខ្ពស់ៗ ហើយឯកឧត្តមសង្ឃឹមថា៖ សំណង់ការដ្ឋាននេះនឹងសម្រេចតាមផែនការ និងធានាគុណភាពខ្ពស់​។

​សូមបញ្ជាក់ថា៖ សមត្ថភាពរោងចក្រប្រព្រឹត្តិកម្មផលិតទឹកស្អាតបច្ចុប្បន្នរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺ៖ ស្ថានីយ៌ភូមិព្រែក មានសមត្ថភាពផលិតបាន១៥ មឺុនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ – ស្ថានីយ៌ជ្រោយចង្វារ មានសមត្ថភាពផលិត ១៣មឺុនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ – ស្ថានីយ៌និរោធមានសមត្ថភាពផលិតបាន ២៦មឺុនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ហើយពេលសំណង់ការដ្ឋានចំការមននេះសម្រេចរួចរាល់នឹងមានសមត្ថភាពផលិតបាន ៥ម៉ឺន ២ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ​បន្ថែមទៀត។ ជាទស្សនៈវិស័យរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញត្រូវខិតខំបន្ថែមទៀត​ ក្នុងការពង្រីកសមត្ថភាពផលិតរបស់ខ្លួន ដើម្បីបំពេញតម្រូវការ ស្របពេលដែលរាជធានីភ្នំពេញបច្ចុប្បន្នត្រូវបានពង្រីកផ្ទៃក្រឡារបស់ខ្លួនធំជាងមុន ហើយការអភិវឌ្ឍន៌សំណង់អគារធំៗ និងប្រជាពលរដ្ឋក៏មានការកើនឡើងយ៉ាងឆាប់រហ័សផងដែរ។​ ដោយឡែក ការពង្រីកទុនវិនិយោគ ការស្វែងរកប្រភពជំនួយ និងដៃគូអភិវឌ្ឍគឺជាការងារចាំបាច់​ ដើម្បីដោះស្រាយការផ្គត់ផ្គង់ទឹកស្អាតឲ្យដល់ទីប្រជុំជន និងឈានដល់តំបន់ជនបទ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខ ដែលចង់ឲ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ ជៀសផុតបាននូវជម្ងឺដង្កាត់ផ្សេងៗ ដោយសារការប្រើប្រាស់ទឹកមិនស្អាត។