សម្តេចភក្តី សាយ ឈុំ ដឹកនាំសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៤


ព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បន្តសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានសមាជិក សមាជិកាព្រឹទ្ធសភាចំនួន ៥៥ រូបចួលរួម និងមានរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី ។
២- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប ។
បន្ទាប់ពីបានស្ដាប់ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា រាយការណ៍ពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ទាំងពីរខាងលើ ស្ដាប់មតិពិភាក្សា ផ្ដល់យោបល់របស់សមាជិកអង្គប្រជុំ និងស្ដាប់មតិបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលរួចមក អង្គព្រឹទ្ធសភា បានអនុម័តលើខ្លឹមសារទាំងមូលនៃសេចក្ដីព្រាងច្បាប់ទាំង២ខាងលើ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ចំនួន៥៥សម្លេង នៃសមាជិក សមាជិកាព្រឹទ្ធសភាទាំងមូល៕