ក្រសួងយុត្តិធម៌និង JICA ចុះអនុស្សរណៈ


Jica 10 08 16 2 copy

     ក្រសួងយុត្តិធម៌ និងអង្គការ JICA ជប៉ុន បានចុះអនុស្សរណៈ បញ្ចប់គម្រោងផ្នែកបច្ចេកទេស និងថវិកាក្នុងការរៀបចំបទដ្ឋានគតិយុត្តិ លើក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមរដ្ឋប្បវេណី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពិធីចុះអនុស្សរណៈ បានធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៩ ខែសីហានេះ រវាង ឯកឧត្តមរដ្ឋមន្រ្តី អង្គ វង្សវឌ្ឍានា និងតំណាងអង្គការ JICA លោក AKIMISTU OKUTO ។

     រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកជំទាវ ចាន់ សុធាវី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការចុះហត្ថលេខានេះ គឺជាការចុះហត្ថលេខាបញ្ចប់គម្រោងលើកទី៤ លើជំនួយផ្នែកបច្ចេកទេស និងថវិការវាងក្រសួងយុត្តិធម៌ និង អង្កការ JICA ។ លោកជំទាវបញ្ជាក់ថា នៅពេលខាងមុខនេះ ក្រសួងនឹងជជែកជាមួយ JICA សម្រាប់ដំណាក់ទី៥ ជាបន្តទៀត ដែលនឹងផ្តោតលើការតាក់តែងគតិយុត្តិធម៌ចំនួន ដែលគាំទ្រលើក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ។ លោកជំទាវបន្តថា ការអនុវត្តគម្រោងរបស់អង្គការ JICA ជប៉ុន ដំណាក់ទី៤ កន្លងមក រួមមាន ការពង្រឹងសមត្ថភាពមន្រ្តីជំនាញផ្នែកបច្ចេកទេស ជំរុញឱ្យមានការបណ្តុះបណ្តាលធនធានមនុស្ស អនុវត្តរួមគ្នា រៀបចំតាក់តែងច្បាប់ និងផ្សព្វផ្សាយច្បាប់ទៅសាធារណ:ជន ស្វែងយល់ដឹងអំពីវិធានក្រមរដ្ឋប្បវេណី ។ ក្រៅពីនេះ ក្រសួងយុត្តិធម៌ ក៏មានការតាមដានចំពោះ ភាពប្រឈមនៃការអនុវត្តក្រមទាំងពីរផងដែរ ។

     លោកជំទាវរដ្ឋលេខាធិការ បញ្ជាក់ទៀតថា ក្រមរដ្ឋប្បវេណី និងក្រមនីតិរដ្ឋប្បវេណីនៅកម្ពុជា បានចាប់ផ្តើមសិក្សាស្រាវជ្រាវដំបូងគេ ក្នុងដំណាក់ទី១ នៅចុងឆ្នាំ ១៩៩៨ ហើយដំណើរការរៀបចំជាមាតិកា នៅដើមឆ្នាំ ១៩៩៩ និងបានបន្តរហូតមកដល់សព្វថ្ងៃនេះ ក្នុងដំណាក់កាលទី៤ ៕