កម្ពុជា ថៃ ធ្វើសិក្ខាសាលាពង្រឹង ជំនាញព្យាបាលអ្នកញៀន


Cam Thai 11 08 16 2 copy

     កម្ពុជានិងថៃ បានបើកសិក្ខាសាលារយៈពេល ២ថ្ងៃ ក្នុងការពង្រឹងសមត្ថកិច្ចមន្ត្រីជំនាញ ដើម្បីការព្យាបាលអ្នកឆ្កួតវង្វេងគ្រឿងញៀន ដែលមានចំនួនកើនគួរឱ្យកត់សម្គាល់ ។

     សិក្ខាសាលាស្តីពីការព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន បានប្រព្រឹត្តិទៅពីថ្ងៃទី០៩ ដល់១១ ខែសីហា នៅខេត្តព្រះសីហនុ ក្រោមការចូលរួមជាអធិបតី នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ។ ប្រធានវិទ្យាស្ថានថានយ៉ារ៉ាក់ ប្រទេសថៃ លោក វីរ៉ូត វីរ៉ាឆៃ និងមន្ត្រីជំនាញពាក់ព័ន្ធនានាឯទៀត បានអញ្ជើញចូលរួមយ៉ាងកុះករ ។

     មន្ត្រីកម្ពុជាបានថ្លែងថា គោលបំណងនៃសិក្ខាសាលានេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក និងពង្រឹងសមត្ថភាពមន្រ្តីកម្ពុជា លើការងារព្យាបាល និងស្តារ នីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា ។

     កម្ពុជាដែលជាប្រទេសក្រីក្រ បានរងនឹងបញ្ហាប្រើប្រាស់គ្រឿងញៀន ដែលនាំមកនូវអំពើហិង្សា… ការលួចឆក់ប្លន់… ការឆ្លងជម្ងឺអេដស៍។ល។ ដែលបង្កការរាំងស្ទះ ដំណើរការអភិវឌ្ឍន៍កម្ពុជា ។ គ្រឿងញៀន បាននឹងកំពុងពង្វក់យុវជន ដែលធ្វើឱ្យមានការបារម្ភខ្លាំង ដល់អនាគតទំពាំងស្នងឫស្សី ។

     យោងតាមតួលេខអាជ្ញាធរជាតិ ប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ ២០១៥ គេបានរកឃើញអ្នកប្រើប្រាស់គ្រឿងញៀន ១៦,៥៧០នាក់ ក្នុងនោះ មាន៤០% បានទទួលយកសេវាព្យាបាល និងជាង ៥០% ទៀត ស្ថិតនៅក្រៅរង្វង់នៃការគ្រប់គ្រង ។ សេចក្តីរាយការណ៍ដដែលបានបង្ហាញថា បញ្ហាគ្រឿងញៀនបានរីករាលដាល ពីទីក្រុងទៅដល់ជនបទនោះហើយ ហើយគេកំពុងដុតដៃដុតជើង ធ្វើសកម្មភាពបង្ក្រាបបង្ការ និងទប់ស្កាត់ ។

     នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងក្នុងអង្គសិក្ខាសាលាថ្ងៃដំបូងថា គ្រឿងញៀនជាការងាររួម ដែលមនុស្សទាំងអស់គ្នា ត្រូវរួមគ្នាដោះស្រាយ… និងលោកបញ្ជាក់ថា សិក្ខាសាលារយៈពេលពីរថ្ងៃនេះ គឺមានកិច្ចការ សារៈសំខាន់ណាស់ ។   ប្រធានវិទ្យាស្ថានថានយ៉ារ៉ាក់ប្រទេសថៃ លោក វីរ៉ូត វីរ៉ាឆៃ បានថ្លែងថា សិក្ខាសាលានេះ មានសារៈសំខាន់ ក្នុងការជួយសម្រេចទិសដៅរបស់អាស៊ានគ្មានគ្រឿងញៀន ដែលត្រូវការការចូលរួមទាំងអស់គ្នា ។

Cam Thai 11 08 16 3 copy

Cam Thai 11 08 16 4 copy