សម្តេចតេជោ ហ៊ុន សែន ទទួលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិ ឥណ្ឌូណេស៊ី


HS & Indo 11 08 16 2 copy

     រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសឥណ្ឌូណេស៊ី បានជជែកលើការពង្រឹង វិស័យសហប្រតិបត្តិការផ្នែកយោធា និងត្រៀមរកការចុះអនុស្សារណៈ ជាមួយគ្នាមួយថែមទៀត នាពេលខាងមុខ ។

     ការពង្រឹងវិស័យសហប្រតិបត្តិការយោធានេះ បានលើកឡើងក្នុងឱកាស ដែលរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក រីយ៉ាមីហ្សាដ រីយ៉ាគូឌូ បានអញ្ជើញជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១០ ខែសីហានេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នៃក្រសួងការពារជាតិកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះផងដែរ ។

     រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី បានជំរាបសម្តេចថា ឥណ្ឌូណេស៊ីចង់ឃើញទំនាក់ទំនងទ្វេភាគីលើវិស័យការពារជាតិរបស់ប្រទេសទាំង២ ត្រូវបានពង្រឹងបន្ថែម ។ លោកបញ្ជាក់ថា ដោយសារតែប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា មានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនេះ រយៈពេលជាង ១០ឆ្នាំ មកហើយៗ លោកចង់អោយទំនាក់ទំនងលើវិស័យការពារជាតិនេះ កាន់តែរឹងមាំថែមទៀត ។ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី បានបញ្ជាក់ទៀតថា ឥណ្ឌូណេស៊ីចង់ឱ្យមានកិច្ចសហការ ក្នុងការផ្តល់សម្ភារៈមួយចំនួន សម្រាប់យោធាដល់កម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យលំហរសមុទ្ទផងដែរ ។

     សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍តបទៅវិញ បានកោតសរសើរប្រទេសឥណ្ឌូណេស៊ី និងសម្តេចបានថ្លែងថា គឺមានតែឥណ្ឌូណេស៊ីតែមួយទេ ដែលបានបង្វឹកបណ្តុះបណ្តាលកងអង្គរក្សនាយករដ្ឋមន្ត្រី របស់សម្តេចនេះ ។ សម្តេចបានមានប្រសាសន៍សម្តែងការគាំទ្រ ចំពោះអនុស្សារណៈដែលភាគីឥណ្ឌូណេស៊ីលើកឡើង ហើយសម្តេចបានជម្រុញ ឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំង២ ធ្វើការជាមួយគ្នាលើបញ្ហានេះ ។

     ក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី សម្តេច និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី បានជជែកលើសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិ ជាពិសេស ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅតួគីកន្លងមកនេះ និងសារៈសំខាន់នៃតួនាទីកងទ័ព ក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងប្រទេស ។