តុលាការបានកោះហៅ លោកស្រី ថាក់ ឡានី ជាលើកទី២


     តំណាងអយ្យការតុលាការ បានកោះហៅជាលើកទី២ ចំពោះសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី លោកស្រី ថាក់ ឡានី ដើម្បីចូលបំភ្លឺក្នុងតុលាការ ។ មន្ត្រីអ្នកនាំពាក្យតុលាការ លោក លី សុផាណា បានថ្លែងថា ដីកាកោះហៅជាលើកទី២ នេះ បានទទួលដោយមេធាវីជនសង្ស័យរួចហើយ ។

     គួរកត់សម្គាល់ថា ក្នុងការកោះហៅលើកដំបូងកាលពីថ្ងៃទី៨ ខែសីហា  មេធាវីរបស់ លោកស្រី ថាក់ ឡានី បានស្នើសុំពន្យាពេលចូលបំភ្លឺ ប៉ុន្តែមន្ត្រីតុលាការបានបដិសេធ ។ មន្ត្រីអ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ លោក លី សុផាណា បានថ្លែងថា «ការស្នើសុំពន្យាពេល មិនមានមូលដ្ឋានគតិយុត្តិ និងមិនមានមូលហេតុរបស់សាមីខ្លួនច្បាស់លាស់»។

     ការកោះហៅជាលើកទី២ នេះ គឺនៅបន្ទាប់ពី លោកស្រី ថាក់ ឡានី ខកខានមិនបានបង្ហាញខ្លួនតាមដីកាកោះលើកដំបូង កាលពីថ្ងៃទី៨ ខែសីហា នោះ ។ ការកោះហៅជាលើកទី២ គឺនឹងត្រូវចំលើថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើ លោកស្រី ថាក់ ឡានី នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខការកោះហៅរបស់តុលាការ នាពេលនោះដែរ ឬយ៉ាងណាឡើយ ។

     ភាពពាក់ព័ន្ធនឹងបណ្តឹងតាមផ្លូវតុលាការ គឺនៅក្រោយមានសេចក្តីរាយការណ៍ថា លោកស្រី ថាក់ ឡានី កាលពីថ្ងៃទី២៩ ខែកក្កដា ក្នុងវេទិកាសាធារណៈមួយក្នុងខេត្តរតនគីរី បាននិយាយចោទថា សម្តេចតេជោ ហ៊ុន សែន បានសម្លាប់ លោក កែម ឡី ដែលជាអ្នកវិភាគនយោបាយ ។ មេធាវីរដ្ឋាភិបាល លោក គី តិច កាលពីថ្ងៃទី ១ ខែសីហា បានដាក់ពាក្យប្តឹងទាមទារឱ្យតុលាការផ្តន្ទាទោស លោកស្រី ថាក់ ឡានី តាមផ្លូវច្បាប់ និងទាមទារ ការសងជម្ងឺចិត្តចំនួនទឹកប្រាក់ចំនួន ១រយរៀល ។

     លោកស្រី ថាក់ ឡានី ធ្លាប់បាននិយាយប្រាប់អ្នកសារព័ត៌មានវិញដែរថា លោកស្រីមិនបាននិយាយចោទប្រកាន់យ៉ាងនោះទេ ហើយលោកស្រី បានថ្លែងដោះសារថា ការចាក់ផ្សាយសម្លេងរបស់លោកស្រី គឺជារឿងកាត់ត ។

     លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ក្នុងហាងកាហ្វេម៉ាតមួយកន្លែង ក្នុងខណ្ឌចំការមន ។ សមត្ថកិច្ចដែលសហ ការជាមួយនឹងប្រជាជនបានដេញប្រកិត និងចាប់ខ្លួនបាននៅលើផ្លូវ សុធារស ក្បែរវត្តស្វាយអំពែ នៅថ្ងៃដដែលនោះ ។ ជនសង្ស័យក្រោយការចាប់ខ្លួន បាននិយាយក្លែងទាំងឈ្មោះ និងកន្លែង ស្នាក់នៅថែមទៀត ដែលទីបំផុតត្រូវបណ្តាញសង្គមបានផ្សាយឈ្មោះពិតថា ជនសង្ស័យនោះ មិនមែនឈ្មោះ ជួបសម្លាប់ទេ… ឈ្មោះពិតប្រាកដគឺ ឈ្មោះ អឿត អាង ដែលធ្លាប់ជាសកម្មជនរបស់ គណបក្សសង្គ្រោះជាតិ ក្នុងខេត្តសៀមរាប ថែមទៀត ។