អភិបាលខេត្តពោធិ៍សាត់ បានជួបសំណេះសំណាល ជាលើកទី៥ ជាមួយអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក្រុងពោធិ៍សាត់


នៅព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជួបសំណេះសំណាល ជាលើកទី៥ ជាមួយអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក្រុងពោធិ៍សាត់ ចំនួន១៦២០នាក់ នៅបរិវេណសាលាខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដើម្បីបានប្រាស័យ សំណេះសំណាលគ្នា រវាងថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន។

នៅក្នុងពិធីនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដដៃ ជិត២ពាន់នាក់ ក្នុងម្នាក់ៗសារុង១ ត្រីខ១កំប៉ុង ថវិកា៣ម៉ឺនរៀល និងហូបបាយសាមគ្គីថ្ងៃត្រង់មួយពេល ក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង។

សូមបញ្ជាក់ថា សម្ភារទាំងអស់នេះជាអំណោយរបស់ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ រួមជាមួយឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង។

មន្ត្រីរាជការដែលចូលនិវត្តន៍ទាំងអស់ បានសម្ដែងទឹកចិត្តរំភើបរីករាយក្រៃលែង ព្រោះពួកគាត់ចប់ការងារ និងចាស់ជរាទៅហើយ នៅតែទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ដែលមានចិត្តសប្បុរសធ៌មដូចឯកឧត្តម ម៉ៅ ធនិន បែបនេះ ធ្វើឲ្យពួកគាត់មានក្ដីសង្ឃឹមឡើងវិញ មានភាពកក់ក្ដៅ និងមិនអាចបំភ្លេចបាននូវគុណូបការៈនេះបានឡើយ។ ពួកគាត់សំណូមពរឲ្យវប្បធ៌មចែករំលែកនៃក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការចូលនិវត្តន៍នេះ មានជារៀងរហូតចៀសវាងរើសអើងនិងទុកពួកគាត់ចោល៕