សមត្ថកិច្ចបន្តរារាំងក្រុមធ្វើយុទ្ធនាការ ស្លៀកខោអាវខ្មៅថ្ងៃច័ន្ទ


Black Tshirt 16 08 16 2

     សមត្ថកិច្ចបានឃាត់ខ្លួនក្រុមបន្តយុទ្ធនាការ ស្លៀកខោអាវខ្មៅថ្ងៃច័ន្ទ ដែលគេសង្ស័យថា ជាចលនាឈានរកបង្កការញុះញង់ចលាចលក្នុងសង្គមជាតិ ។

     កាលពីសប្តាហ៍កន្លងមកនេះ ក្រុមអាថ៌កំបាំងមួយដែលគេជឿថា មានទីតាំងនិងមានមេខ្លោង នៅក្នុងប្រទេសកាណាដា ត្រូវបានគេចាប់សម្លេងអំពាវនាវ ដែលជម្រុញរកចលនាញុះញង់ បង្កចលាចលក្នុងសង្គមជាតិនេះ ។

     មេក្រុមអាថ៌កំបាំង ដែលគេមិនទាន់បង្ហាញឈ្មោះនោះ បាននិយាយញុះញង់ក្នុងភាសាឧទ្ទាម ចង់បង្កចលាចល និងមានគំរោងដុតបំផ្លាញស្ថានីយ៍សាំងនានាក្នុងប្រទេស ដើម្បីរកការបង្កចលាចលក្នុងសង្គមខ្មែរ ដែលកំពុងមានសន្តិភាពបច្ចុប្បន្ននេះ ។ មិនមានសេចក្តីរាយការណ៍ ថាតើអាជ្ញាធរនឹងចាត់វិធានការណ៍ណាមួយ ចំពោះក្រុមអាថ៌កំបាំងដែលកំពុងជម្រុញអំពើចលាចលនោះទេ ប៉ុន្តែនៅជាមួយគ្នានេះ សាលារាជធានីភ្នំពេញ បានធ្វើលិខិតព្រមានគណបក្សសង្គ្រោះជាតិ ដែលកាលពីថ្ងៃច័ន្ទទី៨ ខែសីហា បានប្តេជ្ញាការចូលរួមចលនាគាំទ្រក្រុមស្លៀកខោអាវខ្មៅ ។ សាលារាជធានីបានព្រមាន ការចាត់វិធានការណ៍អនុវត្តច្បាប់ ដើម្បីការពារសន្តិសុខ និងសង្គម ។

     គួររំលឹកថា មន្ត្រីគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង កាលពីថ្ងៃទី៨ ខែសីហា បានថ្លែងគាំទ្រចូលរួមក្នុងយុទ្ធនាការក្រុមស្លៀកខោអាវខ្មៅថ្ងៃច័ន្ទ… ប៉ុន្តែនៅថ្ងៃសៅរ៍ទី១៣ ខែសីហា មន្ត្រីគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ ត្រូវគេឃើញថា បាននិយាយដកពាក្យគាំទ្រ និងការចូលរួមនោះចេញទៅវិញ ។

     យុទ្ធនាការស្លៀកខោអាវខ្មៅ បានប្រកាសចេញមុខលើកដំបូងតាំងពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដែលត្រូវបាន មនុស្សជាច្រើនបារម្ភថា ជាក្រុមចង់បង្កើតការប្រឆាំងភាពស្របច្បាប់របស់និតីរដ្ឋ និងជាការបំផុសធ្វើបដិវត្តពណ៌ ក្នុងគោលបំណងបំផ្លិចបំផ្លាញសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលអាចឈានទៅរកការបង្កសង្គ្រាម ស៊ីវិលបើទោះបីជាក្រុមអ្នកស្លៀកខោអាវខ្មៅ បានប្រើការដោះសារថា មានបំណងផ្សេងពីគ្នា នៃការទ្រទ្រង់សកម្មភាពសិទ្ធិមនុស្សក៏ដោយ ។

     នៅថ្ងៃច័ន្ទទី១៥ ខែសីហានេះ មនុស្ស ៤នាក់ នៃក្រុមធ្វើយុទ្ធនាការស្លៀកខោអាវខ្មៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ ដែលក្នុងនោះរួមមាន សកម្មជនគណបក្សសង្គ្រោះជាតិ ចូលរួមផងដែរ ។ ជនទាំង ៤នាក់ ត្រូវបានដោះលែងទៅវិញក្រោយការធ្វើលិខិតសន្យា បញ្ឈប់អំពើទាំងឡាយនោះ ។

Black Tshirt 16 08 16 3 copy  Black Tshirt 16 08 16 4 copy

Black Tshirt 16 08 16 5 copy