រាជរដ្ឋាភិបាលចេញសារាចរណ៍គ្រប់គ្រងទីផ្សារ ឆ្លើយតបសេចក្តីត្រូវការអាជីរករ


     រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណ៍ក្នុងការគ្រប់គ្រងផ្សារទាំងរដ្ឋ និងឯកជន ដែលជាសារាចរណ៍មួយត្រូវគេឃើញថា ជាការឆ្លើយតបមួយពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្នុងកិច្ចការពារផលប្រយោជន៍ ការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋតកូនចៅ ។

     សារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលនៅថ្ងៃ១៥ ខែសីហានេះ បានបែងចែកផ្សារជា ៤ប្រភេទ ដោយប្រភេទផ្សាររបស់រដ្ឋ គឺប្រជាពលរដ្ឋអាចមានសិទ្ធិធ្វើអាជីវកម្មតកូនតចៅ គ្រាន់តែមិនអាចលក់ដូរ ឬបញ្ចាំបាន និងតម្រូវឲ្យបង់ថ្លៃឈ្នួល និងភាស៊ីតាមច្បាប់… ចំណែកផ្សារឯកជន ត្រូវបានកំណត់សិទ្ធិលក់ដូរ ផ្ទេរ តកូន តចៅ ប៉ុន្តែកម្មសិទ្ធិនៅតែជារបស់ម្ចាស់ផ្សារឯកជន ហើយអាជីវករតម្រូវបង់ថ្លៃឈ្នួល និងភាស៊ីតាមច្បាប់កំណត់ ។

     សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook នៅថ្ងៃនេះថា មួយរយៈកន្លងមកដែលសម្ដេចធ្វើ ដំណើរទៅតាមខេត្ត សម្ដេចតែងឆ្លៀតចូលពិនិត្យ ការលក់ដូររបស់ប្រជាជនតាមទីផ្សារមួយចំនួន ។ បញ្ហាប្រឈមរបស់អាជីវករតាមផ្សារគ្រប់ប្រភេទ មានដូចៗគ្នា គឺអាណត្តិលើសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលរហូត អាជីវករដែលស្នើសុំមកសម្ដេចឱ្យពន្យាអាណត្តិឱ្យបានច្រើនឆ្នាំ ។

     សម្ដេចបានសរសេរទៀតថា យុទ្ធសាស្ត្រ ពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង និងដើម្បីការពារផលប្រយោជន៍អាជីវករតកូនតចៅយូរអង្វែង ជៀសវាងពួកអាក្រក់ដើរភូតភរបោកប្រាស់ ។ សម្ដេចបានពិភាក្សាជាមួយសហការី ពិសេសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសារាចរស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេស ។ តាមរយៈសារាចរនោះ អាជីវករ នឹងទទួលបានសិទ្ធិតកូនតចៅ ដោយគ្មានពេលកំណត់ ហើយមិនចាំបាច់ស្នើសុំពន្យាពេលទៀតទេ ។

     ដោយឡែក ផ្សារកំពង់ឆ្នាំង ដែលបានស្នើសុំពន្យាអាណត្តិពីឆ្នាំ ២០២៥ ដល់ ឆ្នាំ ២០៤០ ដែលសម្ដេចយល់ព្រមសប្តាហ៍មុននេះ ក៏ត្រូវបានបន្តគ្មានទីបញ្ចប់តកូនតចៅដែរ ។ សម្ដេចស្នើឲ្យអាជីវករ ថតសារាចរនេះ ចែកគ្នារក្សាទុក ឬបិទតាម តូបលក់ដូរ ដើម្បីបង្ហាញពួកអាក្រក់ និងប្រាប់ពួកគេថា ឈប់បោកប្រាស់តទៅទៀតទៅ ៕

K-0496

K-0497

K-0498