ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី៖​ យើងជាពលរដ្ឋខ្មែរ​ ត្រូវតែដង្ហែរតាមព្រះរាជសាររបស់ព្រះករុណាជីវិតតម្កល់លើត្បូង​ គឺទៅបោះឆ្នោតនាថ្ងៃទី២៩​ កក្កដា​ ឆ្នាំ២០១៨


ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី​ ឯកឧត្តម​ ថង​ សាវុន​ បានថ្លែងទៅកាន់សមាជិកបក្សប្រជាជនកម្ពុជា​ ស្រុកលំផាត់​ និងស្រុកអូរជុំ​ ក្នុងឱកាសដែលលោកបានចុះជួបសំណេះសំណាល​ និងពិនិត្យលើស្ថានភាពបក្ស​ នាថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ​២០១៨នេះ​ បានគូសបញ្ជាក់ថា​ ក្នុងនាមជាពលរដ្ឋខ្មែរ​ យើងត្រូវតែដង្ហែរតាមព្រះរាជសាររបស់ព្រះករុណាជីវិតតម្កល់លើត្បូង​ គឺទៅបោះឆ្នោតនាថ្ងៃទី២៩​ កក្កដា​ ឆ្នាំ២០១៨​ខាងមុខនេះ​ ។ មិនតែប៉ុណ្ណោះវាក៏ជាកាតព្វកិច្ច​ និងសិទ្ធិរបស់យើងនៅក្នុងការសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ​ ដែលឱកាសនេះមានរយៈពេល​ ០៤ឆ្នាំម្តង​ ។

ឯកឧត្តមបន្តថា​ យើងបានឆ្លងផុតពីដំណាក់កាលសង្គ្រាមរាំរ៉ៃ​ ក្រោមគុណបំណាច់របស់បុព្វបុរសយើង​ មានមាតា​ បិតា​ សាច់ញាតិ​ បងប្អូនយើង​ បានលះបង់នូវឈាមស្រស់សាច់ស្រស់​ រំដោះប្រទេសចេញពីភ្លើងសង្គ្រាមដែលយើងគ្រប់គ្នាខំបន់ស្រន់ឲ្យរួចផុត​ ឥលូវនេះយើងបានផុតទុក្ខ​ យើងបានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត​ លើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ពលរដ្ឋ​ និងខិតខំកសាងអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ននេះគឺសុទ្ធតែជាការចូលរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការចូលរួមបោះឆ្នោតគ្រប់អាណត្តិកន្លងមក​ ហើយបងប្អូនបានសម្រេចិត្តដ៏ត្រឹមត្រូវគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ដែលរួមរស់ជាមួយបងប្អូនចាប់តាំងពីសម័យសង្ក្រាមរហូតដល់បច្ចុប្បន្ននេះ​ ។

ឯកឧត្តមអំពាវនាវកុំឲ្យជឿនូវការញ៉ុះញ៉ុង​ រារាំងមិនឲ្យមានការបោះឆ្នោង​ ឬរារាំងបងប្អូនមិនឲ្យចេញទៅបោះឆ្នោត​ ពីជនអគតិ​មួយចំនួនពិសេសត្រកូលអ្នកក្បត់ជាតិ​ ប្រសិនមានករណីនេះ​ ជនដែលរារាំងនឹងត្រូវមានទោសតាមមាត្រានៃច្បាប់បានកំណត់​ ។

ឯកឧត្តមបន្ថែមថា​ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជាឲ្យបានកាន់តែរឹងមាំរាជរដ្ឋាភិបាលបានខិតខំពុះពារធ្វើយ៉ាងណាឲ្យមានការបោះឆ្នោតមួយដ៏ត្រឹមត្រូវ​ ប៉ុន្តែអ្នកនយោបាយដែលមិនគោរពឆន្ទៈរាស្ត្រតែងតែមិនទទួលស្គាល់នូវលទ្ធផលបោះឆ្នោត​ មិនតែប៉ុណ្ណោះបានបំផ្លិចបំផ្លាញសមិទ្ធិផលជាតិ​ បំផ្លាញដំណើការលទ្ធិប្រជាធិបតេយ្យថែមទៀត​ ។

ឯកឧត្តម ក៏បានអំពាវនាវឲ្យសមាជិកបក្សប្រជាជនទាំងអស់​បន្តធ្វើអំពើល្អឲ្យច្រើនឡើងថែមទៀត​ និងខិតខំជំរុញប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា​ ដើម្បីអនាគាតរបស់ជាតិ​ និងជាសក្ខីភាពនៃការដង្ហែរតាមព្រះរាជសារដ៏ឧត្តុងឧត្តមនៃព្រះករុណាជីវិតតម្កល់លើត្បូង​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ។