ក្រសួងទេសចរណ៍រៀបយុទ្ធសាស្ត្រទាញភ្ញៀវជប៉ុន


Tour 18 08 16 2 copy

     កម្ពុជាកំពុងរៀបចំយុទ្ធសាស្ត្រ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជប៉ុន ឲ្យបាន ៣០ម៉ឺននាក់ ក្នុងរយៈពេល ៣ឆ្នាំទៅមុខ។ យុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរណ៍ជប៉ុននេះ បានធ្វើនៅព្រឹកថ្ងៃទី១៧ ខែសីហានេះ ក្នុងសិក្ខាសាលា មួយនៅក្រសួងទេសចរណ៍ ។

     សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា-ជប៉ុន” បានប្រព្រឹត្ត ក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងទេសចរណ៍បណ្ឌិត ថោង ខុន និង អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម គូម៉ា ម៉ារុ យូជិ និងមានការចូលរួមពីវាគ្មិនជំនាញទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍នៃប្រទេសកម្ពុជា ជប៉ុន សរុបអ្នកចូលរួមជាង ២០០ នាក់ ។ គោលបំណងនៃសិក្ខាសាលានេះ ត្រូវគេបញ្ជាក់ថា ដើម្បីចែករំលែកបទពិសោធន៍ ពិភាក្សា ការផ្លាស់ប្តូរគំនិតគ្នា លើការអភិវឌ្ឍន៍គោលដៅទេសចរណ៍ នៃប្រទេសទាំងពីរកម្ពុជា ជប៉ុន សម្រាប់ ឈានទៅរៀបចំយុទ្ធសាស្រ្តទីផ្សារទាក់ទាញទេសចរជប៉ុន ពិសេសអបអរសាទរ និងស្វាគមន៍ការតភ្ជាប់ជើង ហោះហើរត្រង់ កម្ពុជា-ជប៉ុន របស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ ។

     គួរកត់សម្គាល់ថា នៅឆ្នាំ២០១៥ កន្លងមកនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបប្រមាណ ៤,៨០០,០០០ នាក់ ក្នុងនោះទេសចរជប៉ុន មានចំនួនប្រមាណ ២០ម៉ឺននាក់ ឈរនៅលំដាប់លេខរៀងទី៦ នៃទីផ្សារទេសចរណ៍ធំៗទាំង១០ របស់កម្ពុជា ។ សិក្ខាសាលានៅថ្ងៃនេះបាននិយាយថា រហូតដល់ឆ្នាំ ២០២០ កម្ពុជាមានគម្រោងទាក់ទាញភ្ញៀវទេសចរណ៍ជប៉ុន ឲ្យបានប្រមាណ ៣០ម៉ឺននាក់ ។ វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យសំខាន់ ជាងគេមួយដែលបានទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ។

Tour 18 08 16 3 copy  Tour 18 08 16 4 copy