(ភ្នំពេញ)៖ នៅខែកញ្ញា ខាងមុខនេះ កម្ពុជា និងឥណ្ឌា នឹងបើកពិព័រណ៍ពាណិជ្ជកម្មរួមគ្នា ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ លោក សានឌីប ម៉ាជុមដា (Sandeep Majumdar) ស្ថាបនិក និងជាប្រធានសភាពាណិជ្ជកម្ម នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជាបានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មនេះ នឹងក្លាយជាជំនួបដ៏ធំដែលមានការចូលរួមពីក្រុមធុរជន និងវិនិយោគិនដែលភាគច្រើន ជាសមាជិកនៃសភាពាណិជ្ជកម្មរបស់ឥណ្ឌា និងសភាពាណិជ្ជកម្មរបស់កម្ពុជា។ លោក សានឌីប ម៉ាជុមដា បានរំពឹងថា ពិព័រណ៍នេះ នឹងផ្តល់ឱកាសដល់ក្រុមពាណិជ្ជករ នៃប្រទេសទាំងពីរ ក្នុងការដោះដូរពាណិជ្ជកម្មទៅវិញទៅមក។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសំដែងការអបអរ និងស្វាគមន៍ចំពោះការផ្តួចផ្តើមរៀបចំឲ្យមានពិព័រពាណិជ្ជកម្មនេះឡើង។ លោករដ្ឋមន្រ្តីថា ព្រឹត្តិការណ៍នេះ នឹងជួយទាក់ទាញការបណ្តាក់ទុនវិនិយោគថ្មីៗបន្ថែមទៀត ពីប្រទេសឥណ្ឌា ចូលមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើពិពិធកម្មការងារ និងជំនាញ ដែលអាចឈានទៅកាត់បន្ថយភាពក្រីក្រ និងពន្លឿនការអភិវឌ្ឍកំណើនសេដ្ឋកិច្ច។
លោក ប៉ាន សូរស័ក្តិ បានស្នើសភាពាណិជ្ជកម្មឥណ្ឌា ជ្រើសរើសយកថ្ងៃទី២៣ ខែកញ្ញា ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ ដោយសហការជាមួយ អគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដើម្បីកំណត់ពីទំហំការងារ របៀបវារៈ និងប្រធានបទដែលត្រូវលើកយកមកបង្ហាញដល់ក្រុមធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ។
បន្ថែមលើសនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាប លោក សានឌីប អំពីនិតិវិធីក្នុងការនាំចូលសាច់គោ និងផលិតផលកសិកម្មមួយចំនួន ចូលមកកាន់ប្រទេសកម្ពុជា ហើយលោកស្នើដល់ លោក សានឌីប ដឹកនាំក្រុមធុរជនឥណ្ឌា ធ្វើការជួបពិភាក្សាដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងយល់អំពីតម្រូវការ ផ្នែកភូតគាមអនាម័យ និងអនាម័យរបស់កម្ពុជា៕