លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីជួប សំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទូទាំង ប្រទេស ក្រោមប្រធានបទ «៦៧ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា ៖ យុវជនរួមគ្នាឆ្ពោះទៅរកជ័យជម្នះថ្ងៃទី២៩ កក្កដា ២០១៨ ដើម្បីអនាគតកម្ពុជា»


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ក្រោមប្រធានបទ «៦៧ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា ៖ យុវជនរួមគ្នាឆ្ពោះទៅរកជ័យជម្នះថ្ងៃទី២៩ កក្កដា ២០១៨ ដើម្បីអនាគតកម្ពុជា» នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅសាលមហោស្រព និងពិព័ណ៌កោះពេជ្រ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ៖ ការជ្រើសរើសយកប្រធានបទយកមកបង្ហាញនាថ្ងៃនេះ គឺចំពេលខួបទី៦៧ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិដ៏ថ្លៃថ្លា និងស្នាដៃយ៉ាងធំធេងក្នុងការបម្រើជាតិ និងមាតុភូមិ។ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈ នយោបាយ ឈ្នះ ឈ្នះ បានបង្ហាញថាគណបក្សប្រជាជនកម្ពុជាមានភាពចាស់ទុំ និងពោរពេញដោយបទពិសោធន៍ មានការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ មានមាគ៌ានយោបាយ ត្រឹមត្រូវដែលឆ្លើយតបបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងបានសម្រេច នូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជូនជាតិ ហើយក៏កាន់តែឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថា «គណបក្សប្រជាជនជារបស់ប្រជាជន ដោយសារប្រជាជន និងធ្វើអ្វីទាំងអស់ ដើម្បីប្រជាជន» ។

លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ នៅពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ ក្នុងការគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិទី ៦ និងអាណាត្តិបន្តបន្ទាប់ទៀត ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។