ជយោ! ក្រមាខ្មែរជាប់ឯតទគ្គកម្មពិភពលោក ជាក្រមាវែងជាងគេ


(ភ្នំពេញ)៖ ក្រមាខ្មែរដែលបានរួមគ្នាត្បាញដោយប្រជាពលរដ្ឋខ្មែរ អស់រយៈពេលជាច្រើនខែមកនោះ បានជាឯតទគ្គកម្មជាក្រមាវែងជាងគេនៅលើពិភពលោក។

កម្មវិធីបំបែកឯតទគ្គកម្មក្រមាដែលវែងជាងគេលើពិភពលោក បានចាប់ដំណើរការពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយកម្មវិធីទទួលបានភ្ញៀវចំនួនសរុប ៣៣៨,០៥០នាក់ ដែលក្នុងនោះមានអ្នកចុះឈ្មោះរៀនត្បាញចំនួន២២,៣១៥នាក់ និងអ្នកចូលរួមត្បាញក្រមា ១០០០ម៉ែត្រ ចំនួន១៩,៧៧១។ ប្រសិនបើយើងយកសរសៃរនិមួយៗ នៃក្រមានេះមកបន្តគ្នាតែមួយសរសៃរប្រវែងប្រមាណ ២,៩១២,៦២៥ម៉ែត្រ។

អ្នកចុះឈ្មោះរៀនត្បាញទាំង ២២,៣១៥ រួមមាន៖ ប្រុស ១៤,២៤០នាក់ និង ស្រី ៨,០៧៤នាក់។ ចំណែកភ្ញៀវជាតិបានអញ្ជើញមកទាំង២៥រាជធានី-ខេត្ត និងសមាសភាព៖ ព្រះមហាក្សត្រ, ព្រះវរាជ្យមាតាជាតិ, នាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីតាមបណ្តាក្រសួងនានា, មន្រ្តីរាជការ, ជនពិការ (ពិការដៃ ជើង និងភ្នេក), កុមារកំព្រា, ស្រ្តីមានផ្ទៃពោះ, ស្ថាប័នឯកជន, សិស្សនិស្សិត, សិល្បៈករ និងកីឡាករល្បីៗ និងសាធារណៈជនទូទៅ។

ភ្ញៀងអន្តរជាតិ ចំនួន១,១៣១​នាក់ បានអញ្ជើញមកពីប្រទេសចំនួន ៥៧ប្រទេសជុំវិញពិភពលោក ដែលប្រទេសចូលរួមត្បាញបានច្រើនជាងគេ​គឺ សហរដ្ឋអាមេរិក បារាំង ចិន ថៃ និងជប៉ុន។ អ្នកចូលរួមចុះឈ្មោះមានវ័យចាប់ពី ៤ឆ្នាំ រហូតដល់ ៨៨ឆ្នាំ។

សូមបញ្ជាក់សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា «GOGO Cambodia» ក្រោមប្រធានបទថា «ជឿថាខ្មែរអាចធ្វើបាន» បានរៀបចំឲ្យមានការត្បាញក្រមាខ្មែរនៅវាលព្រះមេរុ ក្បែរព្រះបរមរាជវាំង តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ។ ការត្បាញក្រមានេះ ត្រូវបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្បាញក្រមានេះ ហើយក្នុងនោះនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលរួមត្បាញក្រមានេះផងដែរ។

បន្ទាប់ពីត្បាញបានប្រវែងជាង ១០០០ម៉ែត្រតាមការគ្រោងទុកហើយនោះ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រមាត្រូវបានពន្លាដោយមានការវាស់វែងពីគណៈកម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) ផងដែរ។ បន្ទាប់ពីការវាស់វែង និងពិនិត្យយ៉ាងល្អិតល្អន់ហើយនោះ គណៈកម្មការមួយនេះ បានសម្រេចឲ្យក្រមាខ្មែរជាប់ឯតទគ្គកម្មពិភពលោកជាក្រមាវែងជាងគេ។

សម្រែកហ៊ោកញ្ជ្រៀវបានបន្លឺឡើងយ៉ាងកងរំពង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ចំពោះសមិទ្ធផលថ្មីមួយដែលពលរដ្ឋខ្មែររួមគ្នាសម្រេចបាននេះ។ នេះជាមោទនភាព ជាកិត្តិយសជាតិថ្មីមួយទៀត​ ដែលពលរដ្ឋខ្មែរបានរួមគ្នាកសាងឡើង៕