ក្រសួងវប្បធម៌ និងទេសចរណ៍ចិន ដឹកនាំប្រតិភូនិងប្រតិបត្តិករទេសចរណ៍ចិនរាប់ពាន់នាក់មកអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន នៅសៀមរាប-អង្គរ


(សៀមរាប)៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ប្រតិភូបេសកជន និងប្រតិបត្តិករទេសចរណ៍ចិនរាប់ពាន់នាក់ បានមកចូលរួមអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍កម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ចិន នៅសៀមរាប-អង្គរ នារាត្រីថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០១៨។

ពិធីជប់លៀងស្វាគមន៍នេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាតំណាងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយក៏មានការចូលរួមពីឯកឧត្តម ចាង ជីឡុង អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវប្បធម៌ និងទេសចរណ៍ចិន, លោក លាវ ជឺជា អគ្គកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប, លោកជំទាវ អ៊ាត សោភា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ព្រមទាំងប្រតិភូបេសកជន និងប្រតិបត្តិករទេសចរណ៍ចិនរាប់ពាន់នាក់ទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តនេះ គឺជាជំហានមួយដ៏មានសារសំខាន់ ដែលមិនត្រឹមតែរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រទេស និងរវាងប្រជាជនជាមួយប្រជាជនទាំងពីរឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាននាទីដ៏សំខាន់ក្នុងការនាំសារសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថា អនាគតនៃទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញពីការស្រូបទាញកំណើននៃលំហូរទេសចរចិន និងអ្នកវិនិយោគចិនបានឡើយ។ កម្ពុជាគាំទ្រជានិច្ចនូវគោលនយោបាយចិនមួយ និងយុទ្ធសាស្រ្តខ្សែក្រវាត់មួយវិថីមួយ ដែលជាក្របខណ្ឌនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាលចិន គ្របដណ្តប់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ ហើយសង្ឃឹមជឿជាក់ថា នយោបាយដ៏ល្អនេះនឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅតាមបណ្តាប្រទេស បណ្តោយផ្លូវសូត្រ រួមទាំងអាស៊ាន និងកម្ពុជាផងដែរ។

ជាក់ស្តែង ក្នុងឆ្នាំ២០១៧ កន្លងមក កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៦លាននាក់ កើនឡើង ១១,៨% ក្នុងនោះមានភ្ញៀវទេសចរចិនចំនួន ១.២១០.៧៨២នាក់ កើនឡើង ៤៥,៩% ឈរក្នុងលំដាប់ថ្នាក់លេខ១ នៃទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ និងបាននាំមកនូវប្រាក់ចំណូលប្រមាណ ៣.៦៣៨លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែក ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP)។ សម្រាប់រយៈពេល៤ខែដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ៦៤៧.៣៥២នាក់ កើនឡើង ៧៩,៤% នឹងបន្តឈរក្នុងលំដាប់ថ្នាក់លេខ១ នៃទីផ្សារទេសចរណ៍សំខាន់ៗទាំង១០របស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា តាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានគូសបញ្ជាក់ថា នៅឆ្នាំ២០២០ ចំនួនទេសចរចិនធ្វើដំណើរចេញក្រៅមានប្រមាណ ២០០លាននាក់ ឬច្រើនជាងនេះ ហើយចំណាយប្រមាណ ៤២០ពាន់លានដុល្លារ ដែលធ្វើឱ្យបណ្តាប្រទេសនានាលើពិភពលោកត្រៀមខ្លួនក្នុងការទាក់ទាញ និងទទួលស្វាគមន៍ទេសចរចិន។ ដោយឡែក នៅឆ្នាំ២០១៨ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៦,២លាននាក់ នៅឆ្នាំ២០២០ ប្រមាណ ៧លាននាក់ និងនៅឆ្នាំ២០៣០ កម្ពុជានឹងទទួលបានទេសចរអន្តជាតិប្រមាណ ១៥លាននាក់ នាំមកនូវចំណូលសរុបប្រមាណ ១០.០០០លានដុល្លារ និងបង្កើតនូវឱកាសការងារប្រមាណ ២លាននាក់។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងនិន្នាការកើនឡើងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍សហការជាមួយស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវយុទ្ធសាស្រ្តទីផ្សារចិន និងសៀវភៅសស្តីពី «China Ready» សម្រាប់ទេសចរណ៍កម្ពុជា ដែលស្របនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ២០១៦-២០២៥ ក៏ដូចជាផែនការយុទ្ធសាស្រ្តទីផ្សារទេសចរណ៍របស់អាស៊ាន សំដៅត្រៀមទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅដល់ទេសចរចិនឱ្យបានយ៉ាងតិច ២លាននាក់។

នៅឆ្នាំ២០២០ ជាមួយនឹងការប្តេជ្ញាចិត្តបន្តអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ស្អាត និងបៃតង ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដោយឈរលើលក្ខណៈពិសេសនៃអច្ឆរិយភាពរបស់ប្រាសាទអង្គរ ប្រាសាទព្រះវិហារ រួមទាំងប្រាសាទសំបូរព្រៃគុក សម្បត្តិបេតិកភណ្ឌទាំងរូបី និងអរូបី ធនធានធម្មជាតិ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត សម្រស់ទន្លេមេគង្គ ម្ហូបអាហារ ប្រពៃណី ការរស់នៅប្រកបដោយភាពញញឹមរួសរាយរាក់ទាក់ពីធម្មជាតិរបស់ប្រជាជនខ្មែរ ស្របនឹងការប្រសិទ្ធនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ»។