ឯកឧត្តម លឹម គានហោ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក​ និងឧតុនិយម


ព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៨ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក​ និងឧតុនិយម ។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកឡើងនូវស្នាដៃរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានចាប់ផ្តើមពីបាតដៃទទេរ រហូតដល់មានការអភិវឌ្ឍ និងរីកចម្រើនលូតលាស់គ្រប់វិស័យ ។ ជាក់ស្តែងដូចជាវិស័យធារាសាស្ត្ររបស់យើងស្រាប់ ដែលផ្តើមចេញពីប្រព័ន្ធធារាសាស្ត្រ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវ ៤០៧.០០០ ហិកតា ស្មើនឹងប្រមាណ ១៨ ភាគរយ នៃផ្ទៃដីបង្កើនផល នាឆ្នាំ ១៩៩៨ រហូតដល់មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ១.៧១៦.៧២០ ហិកតា ស្មើនឹងប្រមាណ ៥៩ ភាគរយ នៃផ្ទៃដីបង្កបង្កើនផល គិតត្រឹមដំណាច់ឆ្នាំ ២០១៧ ។ ក៏ដូចជាគ្នាដែរ ចំពោះវិស័យឧតុនិយម ដែលពីដើមមក យើងស្ទើរតែគ្មានអ្វីសោះ ប៉ុន្តែបច្ចុប្បន្ន យើងមានស្ថានីយរ៉ាដា តេជោសែន ដ៏ទំនើបដែលកំពុងមប្រើឱ្យការព្យាកររបស់យើង ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីផ្នែកធារាសាស្ត្រ និងផ្នែកឧតុនិយម ក៏មានផ្នែកផ្សេងៗទៀតដែលជាសមត្ថកិច្ចរបស់ក្រសួង ក៏មានការរីកចម្រើនព្រមៗគ្នាផងដែរ ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកណែនាំដល់មន្ត្រីរាជការទាំងអស់របស់ក្រសួង ឲ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថែរក្សានូវសុខសន្តិភាព និងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត ។