កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ៖ ២០ សីហា ២០១៨


រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ៖ ២០ សីហា ២០១៨ ដើម្បី​ធ្វើ​ការ​ណែ​នាំ​អំពី​វិធានការណ៍​នានា​​សម្រាប់​រៀប​ចំ​ការ​ប្រឡង​​​​ ដើម្បី​ឈាន​ទៅ​រក​ការ​ធ្វើ​កំណែ​ទម្រង់​អប់រំ កាន់​តែ​​មាន​ប្រសិទ្ធភាព បណ្ដុះ​ធនធាន​ប្រកប​ដោយ​គុណភាព។​

សន្និសីទ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​​ថ្ងៃ​ចន្ទ ៥​រោច ខែ​បឋមាសាឍ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។ ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បណ្ឌិត​មាន​ប្រសាសន៍​ថា តាម​រយៈ​លទ្ធផល​នៃ​ការ​ប្រឡង​​ក្នុង​រយៈ​ពេល​ ៤​ឆ្នាំ​កន្លងមក​នេះ បាន​បង្ហាញ​ថា​សមត្ថភាព​សិស្ស​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

សូម​ជម្រាប​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៨នេះ សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ចំនួន​ ១១៧០៦១នាក់ ចែក​ចេញ​ជា​ពីរក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧ភាគរយ​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៤៨,៣ភាគរយ។
មណ្ឌល​ប្រឡង​ចំនួន១៩៥ មណ្ឌល ក្នុងនោះមណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៩៩ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន៩៦ មណ្ឌល៕