លោក ម៉ននីបណ្ឌិត អភិបាលក្រុងព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង គណបក្សប្រជាជនកម្ពុជា និងលោកជំទាវ កែ សួនសុភី បានអញ្ជើញប្រគេនទៀនព្រះវស្សា និងបច្ច័យ ដល់២វត្ត ក្នុងសង្កាត់បារាយណ៍


លោក ម៉ននីបណ្ឌិត អភិបាលក្រុងព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង គណបក្សប្រជាជនកម្ពុជា និងលោកជំទាវ កែ សួនសុភី បានអញ្ជើញប្រគេនទៀនព្រះវស្សា និងបច្ច័យ ដល់២វត្ត ស្ថិតក្នុងសង្កាត់បារាយណ៍ ក្រុងព្រៃវែង នៅថ្ងៃអង្គារ ៦ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨

(ក្រុងព្រៃវែង)៖
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងមន្រ្តីរាជការក្រោមឱវាទ និងការិយាល័យចំណុះក្រុង បាននាំយកទៀនព្រះវស្សា និងបច្ច័យ ១,២០០,០០០រៀល ទៅប្រគេនដល់ព្រះអង្គគង់ចាំវស្សា គង់នៅវត្តសិរីមង្គល (ហៅវត្តបារាយណ៍លិច) និងវត្តបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងនោះដែរ លោកអភិបាលក្រុងព្រៃវែង បានមានសំណេះសំណាលជាមួយព្រះសង្ឈ និងពុទ្ធបរិស័ទថា ព្រោះតែសុខសន្តិភាពតែមួយគត់ ទើបយើងអាចធ្វើបុណ្យធ្វើទានដើរទីជិតទីឆ្ងាយ ដោយគ្មានការភិតភ័យ យ៉ាងណាដូចថ្ងៃនេះ តាមបណ្តាវត្តអារាម មិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទ គឺជាទីកន្លែង ដែលប្រមូលផ្តុំនូវគ្រឹះចំណេះដឹង និងជាថ្នាលអប់រំបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់សម្រាប់បួសរៀនសូត្រ ដែលមានតាំងពីបូរាណកាលរៀងមកហើយ។

លោកបន្ដថា៖ ការវេរប្រគេនទៀនព្រះវស្សានេះ គឺទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង ដើម្បីឧទ្ទិសកុសល ផលបុណ្យ ដល់បុព្វការីជន សាច់សាលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលបានចែកឋានទៅកាន់ លោកខាងមុខផងដែរ។

លោក ម៉ននី បណ្ឌិត បានប្រគេនទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគជាច្រើន និងបច្ច័យវត្តចំនួន ០២ ដែលបានប្រគេននេះ គឺឈ្មោះះវត្ត សិរីមង្គល (ហៅវត្តបារាយណ៍លិច) និងវត្តបារាយណ៍កើត នេះទទួលបានទៀនព្រះវស្សា១គូរ បាឡុង១ ស្លាដក់អង្ករ៥០គីឡូ ត្រីខ ទឹកត្រី តែ ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិកា ៦០,០០០រៀល សរុបទាំងពីរវត្ត ១,២០០,០០០រៀល ផងដែរ ៕