កម្មការនី ១១ នាក់ ទទួលបានសេវាពិនិត្យ និងព្យាបាលរហូតដល់ជាសះស្បើយ ដោយឥតបង់ថ្លៃ ពីបេឡាជាតិរបបសន្តិសុខសង្គម


កោះកុង៖ នៅវេលាម៉ោងប្រមាណ ០២ និង ០០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីកម្មការិនីដួលសន្លប់ចំនួន ១១នាក់ បម្រើការងារនៅក្រុមហ៊ុនយ៉ាស្សាគិ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង នៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។​​​​
ហេតុការណ៍នេះបានកើតឡើង បណ្តាលមកពីឆ្លងចរន្តអគ្គីសនីនៅម៉ាស៊ីនត្រជាក់ ហើយម៉ាស៊ីនត្រជាក់បានបញ្ចេញក្លិនឆ្ងៀមខ្លាំង ជាហេតុធ្វើឱ្យកម្មករ កម្មការិនី ដែលកំពុងបម្រើការ មានអាការៈពិបាកដកដង្ហើម ស្ទះក្នុងទ្រូង ទើបបណ្តាលឱ្យសន្លប់តែម្តង។

ដោយមានការសម្របសម្រួលពីមន្រ្តី ប.ស.ស សាខាខេត្តកោះកុង និងរដ្ឋបាលរោងចក្រ កម្មករ កម្មកម្មការិនីរងគ្រោះទាំង ១១នាក់ ត្រូវបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់​ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

រាល់ថ្លៃដឹកជញ្ជូន ការសង្គ្រោះបន្ទាន់ និងសម្រាកព្យាបាលជនរងគ្រោះរហូតដល់ជាសះស្បើយ ជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។