ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តរតនគីរី ជម្រុញអោយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ អញ្ជើញទៅបោះឆ្នោត​ទាំងអស់គ្នា​


រសៀលថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកវ៉ឺនសៃ ខេត្តរតនគិរី មានរៀបចំពិធីសំណេះសំណាល សាកសួរសុខទុក្ខសមាជិក សមាជិកា សកម្មជនគណបក្ស និងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការគណបក្សស្រុកវ៉ឺនសៃ ខេត្តរតនគិរី
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី​ និងមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ខេត្ត​ចុះជួយស្រុក ឃុំ ភូមិ សមាជិក​ សមាជិកាគណបក្សភូមិ ឃុំ សរុបចំនួនប្រមាណ១៦៩ នាក់​ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានបានមានប្រសាសន៍ជម្រុញអោយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ អញ្ជើញទៅបោះឆ្នោត​ទាំងអស់គ្នា​ ហើយបោះឆ្នោតជូនគណបក្សដែលបានជួយប្រជាជនពិតៗ​ រួមសុខ រួមទុក្ខជាមួយប្រជាជន និងធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍ​ មានសុខសន្តិភាព​ មានលទ្ធិប្រជាធិតេយ្យពេញលេញ​ គឺបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា​ ដែលមានលំដាប់លេខរៀងទី២០​ ។

ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា​ បើជនណាហ៊ានរារាំងមិនអោយទៅបោះឆ្នោត​ ជននោះត្រូវទទួលទោសតាមច្បាប់ដែលបានចែងជាធរមាន និងស្មើនឹងមិនគោរពតាមព្រះរាជសាររបស់ព្រះករុណា​ព្រះបាទសម្តេច​នរោត្តម​ សី​ហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងពេលបញ្ចប់ពិធីឯកឧត្តមប្រធានក៏បានផ្តល់ជូននូវលិខិតថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយឧបត្ថម្ភថវិកាក្នុងការកសាងអគារគណបក្ស ផងដែរ ៕