ឯកឧត្តម ម៉ៅ ធនិន៖ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន គឺជាតួអង្គយ៉ាងសំខាន់ ក្នុងការខិតខំត្រួសត្រាយផ្លូវ រហូតទទួលបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានចាត់ទុកថា អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន គឺជាតួអង្គយ៉ាងសំខាន់ ក្នុងការខិតខំត្រួសត្រាយផ្លូវ រហូតទទួលបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។

ឯកឧត្តមបានថ្លែងបែបនេះ នៅបរិវេណដីវាលក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនជាងពាន់នាក់ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីសម្តែងនូវក្តីនឹករលឹក ដឹងគុណចំពោះ អ៊ុំប្រុស អ៊ុំស្រី និងជម្រាបជូនអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលកំពុងមានសព្វថ្ងៃ។

លោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានជម្រាបជូនថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៨ នៅទូទាំងស្រុកបាកាន មុខសញ្ញានិវត្តជន ទទួលរបបពីរដ្ឋមានចំនួន២៣៣នាក់ និងអតីតយុទ្ធជន៨១៥នាក់។ ហើយក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ និវត្តជនទទួលមរណៈភាព៥នាក់ និងអតីតយុទ្ធជន ៦នាក់។ ជាទូទៅរៀបច្បងជាអតីតមន្ត្រីរាជការ និងអតីយុទ្ធជនរស់នៅជាមួយកូនចៅ និងសាច់ញ្ញាតិ និងមួយចំនួនតូចរស់នៅដោយពឹងផ្អែកលើខ្លួនឯង ទៅតាមកម្លាំងមនុស្សចាស់គួបផ្សំ និងរបបគោលនយោបាយប្រចាំខែ ដោយបើកប្រាក់បៀវត្តន៍ តាមរយៈបច្ចេកវិទ្យាATM ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថាការជួបជុំគ្នានេះ ធ្វើឡើងដើម្បីបង្ក ឱកាសជូនរៀមច្បងជាអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជនជាង១ពាន់នាក់ ទូទាំងស្រុកបាកាន ដែលកម្មវិធីនេះតែងតែធ្វើជាបន្តបន្ទាប់ នៅតាមបណ្តាស្រុក និងក្រុង ក្នុងគោលបំណង បានជួបប្រាស្រ័យទំនាក់ទំនង ពិភាក្សាសួរសុខទុក្ខ និងសំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យរឹតចំណងសាមគ្គីភាព និងមិត្តភាពជាគ្រួសារតែមួយ និងក្រោលដំបូលសុខសន្តិភាពតែមួយ។ អ៊ុំប្រុស អ៊ុំស្រី ជាអតីតជាមន្ត្រីរាជការ និងអតីយុទ្ធជន គឺជារៀបច្បង ជាតួអង្គយ៉ាងសំខាន់បំផុត ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ពេលនេះពួកគាត់ទាំងអស់បាន ចប់ភារកិច្ច ក្នុងការបម្រើជាតិ និងប្រជាជន តែទោះជាយ៉ាងនេះក៏ដោយ សូមកុំឲ្យអស់សង្ឃឹមក្នុងជីវិត ព្រោះសង្គមជាតិត្រូវការ អ៊ុំប្រុស អ៊ុំស្រី ជួយបំពេញការតព្វកិច្ច និងជួយជ្រោមជ្រែងការងារដល់យុវជនជំនាន់ក្រោយៗ ដូចពាក្យថា “មនុស្សចាស់កម្លាំងខ្សោយស្គាល់ផ្លូវច្រើន យុវជនកម្លាំងខ្លាំងមិនទាន់ស្គាល់ផ្លូវ បើគ្មានរៀមច្បងទេនោះ ក៏គ្មានថ្ងៃនេះដែរ” នេះជាការពិត ដែលយើងទាំងអស់ ត្រូវតែទទួលស្គាល់អំពីការពិតនេះ។

ឯកឧត្តមបានថ្លែងទៀតថា ចាប់តាំងបានមកគ្រប់គ្រងរដ្ឋបាលខេត្តជាង៤ឆ្នាំ ទាំងរូបឯកឧត្តម និងក្រុមការងារ តែងតែបានចុះជួបសំណេះសំណាល ជាមួយបងប្អូនគ្រួសារអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនគ្រប់ទីកន្លែង ក្នុងន័យ បានប្រាស្រ័យទាក់ទង សំណេះសំណាល និងរំលឹកដឹងគុណ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលពួកគាត់បាន ខិតខំតស៊ូ ពុះពារ អត់ធ្មត់ គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល នៃការរួបរួមសាមគ្គីគ្នា ក្នុងកិច្ចការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសបានកសាងកេរ្តិ៍ដំណែល និងស្នាដៃដ៏មានសារៈសំខាន់ ក្នុងការផ្តល់នូវចំណេះដឹង ចំណេះធ្វើនិងបទពិសោធន៍ល្អៗជាច្រើន សម្រាប់មន្ត្រីរាជការជំនាន់ក្រោយរៀនសូត្រ និងយកទៅអនុវត្តតាម។

ឯកឧត្តមបានក្រើនរំលឹកដល់និវត្តន៍ជនទាំងអស់ ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាល បានខិតខំកសាងបានសមិទ្ធផលជាច្រើន ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ ដូច្នេះត្រូវតែខិតខំថែរក្សាការពារសមិទ្ធផលនោះ ឲ្យបានគង់វង់យូរអង្វែងដល់កូនចៅជំនាន់ក្រោយៗទៀត តាមរយៈអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ព្រមទាំងបានចែកជូនវត្ថុកំដរដៃ ដល់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជនទាំង១ពាន់ ៤៨នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ត្រីខ១កំប៉ុង ថវិកា៣ម៉ឺនរៀល និងបានហូបបាយថ្ងៃត្រង់មួយពេល ប្រកបដោយក្តីសប្បាយរីករាយផងដែរ៕