ឯកឧត្តម វង សូត និងឯកឧត្តមចាយ បូរិន ជំរុញលើទឹកចិត្តឱ្យភ្នាក់ងារសង្កេតការណ៍ទាំងអស់យកចិត្តទុកដាក់ស្វែងយល់ឱ្យបានច្បាស់លាស់បន្ថែមទៀតពីនីតិវិធី និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨


ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួង សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមចាយ បូរិនអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមជំរុញលើទឹកចិត្តឱ្យភ្នាក់ងារសង្កេតការណ៍ទាំងអស់យកចិត្តទុកដាក់ស្វែងយល់ឱ្យបានច្បាស់លាស់បន្ថែមទៀតពីនីតិវិធី និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨។
នៅព្រឹកថ្ងៃ៨រោច ខែបឋមសាឍឆ្នាំច សំរិទ្ធិស័ក ព.ស ២ ៥៦២ ត្រូវនឹងថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៨ នៅស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានអញ្ជើញជាអធីបតីក្នុងពិធីជួបសំណេះសំណាលជាមួយភ្នាក់ងារសង្កេតការណ៍ បោះឆ្នោត ប្រចាំស្រុកពញាក្រែកខេត្តត្បូងឃ្មុំសរុបមានចំនួន ៨៩៩នាក់ ។

ឯកឧត្តមចាយ បូរិន បានសំដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគ្រប់រូបក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនិង ការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តម ចាយ បូរិន ក៏បានណែនាំដល់សមាជិកសមាជិការចូលរួមទាំងអស់បន្តយកចិត្តទុកដាក់សាមគ្គីជាធ្លុងមួយ រួមគ្នាបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរថែមទៀត ដោយមិនត្រូវបែងចែកនិន្នាការនយោបាយ​សាសនា ឬបក្សពួកឡើយ។

ឯកឧត្តមក៏បានណែនាំចែករំលែ កបទពិសោធន៍ ចំណេះដឹងលើការងារបោះឆ្នោត ដោយបានពន្យល់ពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីនានា ពាក់ព័ន្ធនឹងការបោះឆ្នោត ជូនដល់សមាជិកចូលរួមទាំងអស់ ដើម្បីមានមូលដ្ឋានយកទៅអនុវត្ត។ ឯកឧត្តម ចាយ បូរិនក៏បានលើកឡើងផងដែរពីក្រមសីលធម៌របស់អ្នកសង្កេតការណ៍ និងភ្នាក់ងារសង្កេតការណ៍ ដែលត្រូវយកចិត្តទុកដាក់អនុវត្តក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនដោយជំហរអព្យាក្រិត​ មិនលម្អៀង ដើម្បីចូលរួមធានាឱ្យការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ។

ឯកឧត្តម វង សូត បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ទន្ទឹមនឹងនេះដែរឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ផងដែរថា សន្តិភាព និងស្ថេរភាពនយោបាយមានតម្លៃធំជាងអ្វីៗទាំងអស់ ដែលទាមទាឱ្យយើងត្រូវតែរួបរួមគ្នាថែរក្សា ការពារឱ្យបានស្ថិតស្ថេរ គង់វង្សជានិច្ចនិរន្តន៍ ព្រោះយើងធ្លាប់បានភ្លក្សហើយនូវរសជាតិសង្គ្រាមកាលពីអតីតកាល ទំរាំយើងរកបានសន្តិភាពមកវិញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីឆ្នាំ១៩៩៨។

ក្នុងឱកាសនោះដែឯកឧត្តម រដ្ឋមន្រ្តីក៏បានអំពាវនាវនិងលើកទឹកចិត្តដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន និងសមាជិកចូលរួមទាំងអស់យកចិត្តទុកដាក់ថែរក្សារសណ្តាប់ធ្នាប់របៀបរៀបអោយបានល្អប្រសើចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតនិង ជំរុញឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តលើកម្ពស់ការអភិវឌ្ឍ និងការរីកចម្រើនបន្ថែមទៀត ជាពិសេសការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕