កូនឈើប្រណិត និងឈើហូបផ្លែប្រមាណជាង២,០០០ដើម និងកូនត្រីជាង២០,០០០ក្បាល ត្រូវបានដាំ និងលែងក្នុងទិវាបុណ្យរក្ខទិវា និងទិវាមច្ឆាជាតិ នៅខេត្តរតនគិរី


នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ អាជ្ញាធរខេត្តរតនគិរី បានរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា ០៩កក្កដា និងទិវាមច្ឆាជាតិ ០១កក្កដា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីតាំងដីសម្បទានសង្គមកិច្ចស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី និងមានការចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើនកុះករ ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ចូលរួមចលនាដាំដើមឈើ និងថែរក្សាព្រៃឈើសម្រាប់រក្សាលំនឹងបរិយាកាសធម្មជាតិ ព្រមជាមួយគ្នានេះស្នើសុំបងប្អូនប្រជាពលរដ្ឋបញ្ឈប់រាល់ការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ។

ឯកឧត្តមក៏បានស្នើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់នូវឧបករនេសាទខុសច្បាប់ ដែលនាំឲ្យអន្តរាយដល់ប្រភពធនធានត្រី និងជីវៈចំរុះដែលជាប្រភពផ្គត់ផ្គង់ជីវៈភាពប្រចាំថ្ងៃរបស់យើង ។

តមកអង្គពិធីបានប្រារព្វពិធីដាំកូនឈើគ្រប់ប្រភេទ និងឈើហូបផ្លែប្រមាណជាង២,០០០ដើមនៅទីតាំងដីសម្បទានសង្គមកិច្ច និងលែងកូនត្រីប្រមានជាង២០,០០០ក្បាល នៅទំនប់ទឹកភូមិមួយ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ។