ឯកឧត្តម សុខ ឥសាន បានអះអាង ការ ចង់ចរចា នយោបាយ របស់អតីតមេបក្សប្រឆាំង និងគណបក្សកាន់អំណាច មិន អាចកើតមានបានឡើយ


ភ្នំពេញ ៖ អ្នកនំាពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានអះអាង ការ ចង់ចរចា នយោបាយ របស់អតីតមេបក្សប្រឆាំង និងគណបក្សកាន់អំណាច មិន អាចកើតមានបានឡើយព្រោះហួសពេលហើយអ្វីគ្រប់យ៉ាងបានទៅមុខអស់ហើយ ។

ឯកឧត្តម សុខឥសានបានឲ្យដឹងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨យ៉ាងដូច្នេះថា« មកដល់ ពេលនេះ គ្មានដំណោះស្រាយនយោបាយណាមួយ ជាមួយអតីតបក្សប្រឆាំង ដែលត្រូវ បានរំលាយដោយតុលាការកំពូល រួចហើយនោះជាដាច់ខាត» ។

ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា គោរពនិងអនុវត្ត តាមសាលដីការស្ថាពរ របស់តុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ដែលជា ស្ថាប័នឯករាជ្យ ។ រាល់អនុសាសន៏ និងការទាមទាររបស់បរទេស ចាត់ទុកជាការ បញ្ចេញមតិដែលគ្មានវិសាលភាព មកលើឯករាជ្យនិងអធិបតេយ្យភាពជាតិ កម្ពុជាឡើយ ។

ឯកឧត្តមបន្ថែមថាសរុបមក រាល់ការចង់ឲ្យមានការចរចានយោបាយណាមួយជាមួយ អតីត បក្សប្រឆាំង មិនអាចកើតមានឡើងជាដាច់ខាត ទោះក្នុងករណី និងកាលៈទេ សៈ ណាក៏ដោយ ។

សូមជម្រាបថាការលើកឡើងរបស់អ្នកនំាពាក្យគណបក្សកាន់អំណាចនេះបន្ទាប់ពីប្រធានចលនា យុវជន និង ជា ជំនួយការរបស់ប្រធានគណបក្ស សង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ដ ត្រូវបានវិទ្យុអាស៊ីសេរីស្រង់សំដីផ្សាយឲ្យដឹងថា លោកកឹម សុខា ប្រាប់ថា គណបក្សប្រជាជនកម្ពុជា បង្ហើបថា ចង់មានការចរចាជាមួយក្រុមគណបក្សប្រឆាំង នៅក្រៅប្រទេសដើម្បី លើកលែង ការចោទប្រកាន់ ថ្នាក់ដឹកនាំ គណបក្សប្រឆាំង ចំនួន ១១៨ នាក់ បានចូលធ្វើនយោបាយឡើងវិញ ដោយជ្រកក្រោមស្លាក គណបក្ស ផ្សេងជាថ្នូរនឹងការសម្របសម្រួល កុំឲ្យអន្តរជាតិ ដាក់សម្ពាធលើរាជរដ្ឋាភិបាល។

លោក ហ៊ីង សុខសាន្ដ បន្ដថា លោកកឹម សុខា ប្រាប់ថា គណបក្សសង្គ្រោះជាតិ អាច ចរចាបាន លុះត្រាតែត្រូវរកដំណោះស្រាយ ចំនួន៤ គឺ ដោះលែង អ្នកទោស នយោបាយនិងអ្នកទោស មនសិកាទាំងអស់ មិនមែន តែរូបលោកទេ ត្រូវផ្ដល់សិទ្ធិ ធ្វើ នយោបាយឲ្យថ្នាក់ដឹកនាំបក្សប្រឆាំង អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមការ បោះឆ្នោតរៀបចំការបោះឆ្នោតឡើងវិញ ឲ្យបានត្រឹមត្រូវ និងអនុញ្ញាតឲ្យសង្គមស៊ីវិល និង ប្រព័ន្ធ ផ្សព្វផ្សាយ ឯករាជ្យមានវត្តមាននៅកម្ពុជាឡើងវិញ។

ចំណែកអតីតអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ បាន សរសេរ ក្នុង ហ្វេសប៊ុកកាលពីថ្ងៃទី៧កក្កដាថា លោកកឹម សុខា ឲ្យអត់ធ្មត់ ដើម្បី ជាតិ។ លោក បន្ដ ថា នេះជាការផ្ដាំផ្ញើរបស់លោកកឹម សុខា ប្រធានគណបក្សប្រឆាំង ដែលមាន អាសន:នៅសភា ពីពន្ធនាគារត្រពាំងផ្លុង “ម៣” ព្រំដែន ខ្មែរ – យួន ត្រូវអត់ធ្មត់ខាំ មាត់ សង្កត់ចិត្ត មិនវៀចវេរ ក្បត់ឆន្ទ:របស់ ប្រជាពលរដ្ឋ ដែល បាន ផ្ដល់ ក្ដីសង្ឃឹម ជំនឿ ទំនុក ទុកចិត្ត មក លើ គណបក្ស សង្គ្រោះជាតិ។

លោក យ៉ែម បុញ្ញឫទ្ធិ បន្ដទៀតថា លោក កឹម សុខា ថា អត់ធ្មត់ ដើម្បី ជាតិ យើង មិនមែន ដើម្បី បុគ្គល បក្ខពួក គ្រួសារ មិន ត្រូវ បោះបង់ចោល ប្រជាជាតិ យើង ក្បត់ ឆន្ទ : ប្រជារាស្ត្រនោះទេ។ លោក កឹម សុខា ថា គិតពិចារណា មានអី ហូប ហ្នឹង គ្រាន់តែហូប ដើម្បីរស់មិនសំខាន់ទេ កុំ ក្បត់ឆន្ទ: រាស្ត្រ៕