សម្តេចភក្តី សាយ ឈុំ អញ្ជើញ ចូលរួមពិធី ” រុក្ខទិវា ៩ កក្កដា “


ព្រឹកថ្ងៃច័ន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៦៥២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមកិត្តិយស ក្នុងពិធី “រុក្ខទិវា ៩កក្កដា” ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស៎ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត … ។
ពិធី “រុក្ខទិវា” គឺជាទិវាពលកម្មដាំដើមឈើ ថែរក្សា ការពារព្រៃឈើដែលតែងតែប្រារព្ធធ្វើនៅទូទាំងប្រទេស និងជារៀងរាល់ឆ្នាំ ហើយសម្រាប់ពិធី”រុក្ខទិវា” ៩ កក្កដា ២០១៨ នេះ ត្រូវបានប្រារព្វធ្វើនៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើព្រែកអំពិល ក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត …..៕
ព្រះករុណា ព្រះមហាក្សត្រព្រះអង្គបានថ្លែងព្រះរាជសុន្ទរកថានាឱកាសនោះ៖
ពិធី”រុក្ខទិវា” បានបដិសន្ធិឡើងនៅសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវរជាបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាំងពីទសវត្សរ័៥០មក ដោយមានការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋគ្រប់ស្រទាប់ ក្លាយទៅជាសកម្មភាពទូលំទូលាយក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ជា ពិធីប្រពៃណីជាតិ មួយហៅថា ” ពិធីរុក្ខទិវា ” ….។
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី បានមានព្រះបន្ទូលអំពាវនាវ សូមព្រះសង្ឃគ្រប់ព្រះអង្គ យកព្រះទ័យទុកដាក់ដាំដើមឈើគ្រប់ប្រភេទ នៅតាមទីអារាមនានា ឲ្យក្លាយទៅជាទីមនោរម្យស័ក្ដិសមជាទីដ្ឋានសម្រាប់គោរពបូជារបស់ពុទ្ធសាសនិកជន។ លើសពីនេះទៅទៀត សូមព្រះសង្ឃប្រោសប្រទានទូន្មាន តាមផ្លូវព្រះធម៌ដល់ជនានុជនគ្រប់ៗរូប ខិតខំថែរក្សាការពារព្រៃព្រឹក្សា សត្វព្រៃ បង្កលក្ខណៈឲ្យកើតកូនកើតចៅ សម្បូរសប្បាយកើនឡើង»។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលបន្តទៀតថា “សូមអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ខិតខំដាំដើមឈើ នៅតាមទីធ្លាអគារសាធារណៈនានា ឲ្យបានច្រើនជាអតិបរមា ដើម្បីជាទីដ្ឋានមានម្លប់ត្រជាក់ ត្រឈឹងត្រឈៃ ដល់ប្រជារាស្ដ្រយើង ហើយទន្ទឹមនឹងនេះ សហគមន៍មូលដ្ឋាន សូមចូលរួមគ្រប់គ្រងថែរក្សាការពារ និងដាំដុះព្រៃឈើ ដែលអាចផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ដើម្បិអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសម្រាប់ទ្រទ្រង់ ជីវភាពរបស់ប្រជាជន”…សូម ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ត្រូវចូលរួមដាំដើមឈើឡើងវិញនៅគ្រប់ទិសទី ដើម្បីបង្កើនធនធានព្រៃឈើ ក្នុងការរក្សានិយតភាពនៃប្រភពទឹក សម្រួលធាតុអាកាសឲ្យមានប្រក្រតីភាព អនុគ្រោះដល់ជីវិតរស់នៅរបស់មនុស្ស-សត្វ និងអំណោយផលដ៏ប្រសើរ ដល់ការដាំដុះដំណាំសព្វសារពើរបស់ប្រជាកសិករ។
មុនបញ្ចប់ ព្រះករុណាព្រះមហាក្សត្រ ក៏បានអរគុណចំពោះប្រទេសជាមិត្ដ អង្គការអន្ដរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលបាន និងកំពុងយកចិត្តទុកដាក់ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការដាំថែរក្សា និងការពារធនធានព្រៃឈើ ដែលជាកត្ដាសំខាន់ដល់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត …
ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជបន្ទូលទៀតថា «ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងអំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងបងប្អូនកូនចៅ ជនរួមជាតិដែលបានខិតខំប្រឹងប្រែងអនុវត្ដគោលនយោបាយ ដាំ ថែរក្សា ការពារព្រៃឈើយ៉ាងសស្រាក់សស្រាំ ជាក្ដីសង្ឃឹមដ៏កក់ក្ដៅជាទីបំផុតរបស់ជាតិយើង»។
សូមជម្រាបថា ទិវា «រុក្ខទិវា» ឆ្នាំ២០១៨នេះ កូនឈើគ្រប់ប្រភេទរួមមានដូចជា៖ ធ្នង់ កកោះ គីនីន ក្រញូង បេងចំនួន១២៥០០ដើម ត្រូវបានដាក់ដាំលើផ្ឋៃដីចំនួន១០ហិកតា៕