ក្រសួងការពារជាតិឆ្លើយតបនឹងការចល័តទ័ព


Helecopter 02 09 16 2 copy

     ក្រសួងការពារជាតិបានបញ្ជាក់នៅថ្ងៃនេះថា ការហោះហើរឧទ្ធម្ភាគចក្រយោធា និងការចល័តកម្លាំងទ័ពជើងទឹក និងគោកកាលពីម្សិលមិញ គឹជាការហ្វឹកហ្វឺនសាកល្បងសមត្ថភាព ចល័តរបស់របស់កងកម្លាំងយោធពលខេមរភូមិន្ទ ។

     ការបញ្ជាក់នេះ បានធ្វើក្នុងសេចក្តីប្រកាសព័ត៌មានមួយ និងជាប្រតិកម្មរបស់ប្រធាន គណបក្សសង្គ្រោះ ជាតិ លោក សម រង្ស៊ី ដែលសរសេរថា ការហោះហើរឧទ្ធម្ភាគចក្រយោធា និងការចល័តកម្លាំងទ័ពជើងទឹក និង គោកកាលពីថ្ងៃទី៣១ ខែសីហា នៅក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិ «ហាក់ដូចជាមានបំណងគំរាមកំហែង គណបក្សសង្គ្រោះជាតិ ។»

     សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ បានទាត់ចោលការចោទប្រកាន់នេះ និងបានបញ្ជាក់មកវិញថា ការហ្វឹកហ្វឺនជាភារកិច្ចចាំបាច់មិនអាចខ្វះបាន ក្នុងការកសាង កងយោធពលខេមរភូមិន្ទដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធការពារបូរណភាពទឹកដី ។ សេចក្តីប្រកាសរបស់ក្រសួង ការពារជាតិដដែលនៅបានបញ្ជាក់ទៀតថា ប្រការនេះគួរតែត្រូវបានលើកទឹកចិត្តពីអ្នកនយោបាយ ដែលមាន ឆន្ទៈស្នេហាជាតិពិតប្រាកដ ។

     សេចក្តីប្រកាសព័ត៌មាន បាននិយាយរិះគន់មកវិញថា អ្នកនយោបាយមួយ ចំនួនឃើញកងទ័ពប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីការពារជាតិមាតុភូមិ មិនជួយគាំទ្រលើកទឹកចិត្តទេ ប៉ុន្តែបែរជាចោទថាគំរាមកំហែងនិងបំភិតបំភ័យខ្លួនទៅវិញ ប៉ុន្តែពេលឃោសនាម្តងៗអ្នកនយោបាយទាំងនោះ តែងតែអួតក្អេងក្អាងថាពួកគេ គឺជាអ្នកស្នេហាជាតិ និងការពារជាតិ ។

     សេចក្តីប្រកាសកងទ័ពបានដាក់សំណួរវិញថា តើពួកគេធ្វើនយោបាយដើម្បីអ្វី នៅពេលដែលឃើញកងទ័ពរបស់ខ្លួនមានការរីកចំរើន បែរជាមិនគាំទ្រទៅវិញនោះ? ។ សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលនូវការចោទប្រកាន់ ពីអ្នកនយោបាយទាំងនោះ ហើយបាននិយាយថា គេថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះជនទាំងឡាយណា ដែលមានចេតនាបង្ខូចកិត្តិយស កងយោធពលខេមរភូមិន្ទ ដែលកំពុងប្រកាន់តួនាទីអព្យាក្រិត្យរបស់ខ្លួន ក្នុងកិច្ចការពារបូរណភាពទឹកដី និងរាជរដ្ឋាភិបាលស្របច្បាប់ ។

Helecopter 02 09 16 3 copy