ឯកឧត្តម អូស្មាន ហាស្សាន់ ជួបសកម្មជន CPP និងអ្នកគាំទ្រ ជាង ១៤០០នាក់ នៅកំពង់ចាម


កំពង់ចាម: មកដល់ថ្ងៃទី ១២ កក្កដា ២០១៨ ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម អូស្មាន ហាស្សាន់ និង លោកជំទាវ បានបន្តចុះជួបសំណេះសំណាល ជាមួយសកម្មជន និង អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តាមបណ្តាភូមិ ឃុំ នានាក្នុងខេត្តកំពង់ចាម ដែលមានខ្មែរឥស្លាមរស់នៅច្រើន។
ជាក់ស្តែង នៅព្រឹកនេះ ពិធីជួបសំណេះសំណាល បានធ្វើឡើងនៅពីរកន្លែងសំខាន់ៗ គឺ នៅភូមិរការ សង្កាត់សំបួរមាស ក្រុងកំពង់ចាម និង ភូមិទី១៣លើ ឃុំកោះសូទិន ស្រុកកោះសូទិន សរុបអ្នកចូលរួមជាង ១៤០០នាក់។

ឯកឧត្តម អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីសមិទ្ធផលជាច្រើនលើសលប់ជាគុណបំណាច់របស់គណបក្សប្រជាជានកម្ពុជាដែលបានសាងជូនប្រជាជាតិកម្ពុជា គឺជាមហាគូណូបការៈដែលមិនអាចកាត់ថ្លៃបាន ហើយពលររដ្ឋកម្ពុជាទាំងមូល តកូនតចៅគ្រប់ជំនាន់មិនអាចបំភ្លេចបានឡើយនូវគុណបំណាច់ដ៏មហាធំធេងនេះ ហើយក៏គ្មានអ្វីជាការសងគុណសម្រាប់យើងជាប្រជានុរាស្រ្តដែលកំពុងរួមរស់ក្រោមម្លប់សន្តិភាពដែលដឹកនាំដោយគណបក្សប្រជាជននេះទេ ក្រៅពីការគាំទ្រ និង ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរាល់អាណត្តិ។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះការផ្តល់ទំនុកចិត្ត ការផ្ញើវាសនា និង គាំទ្រដោយឥតងាករេរបស់បងប្អូនមកកាន់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាការផ្តល់កម្លាំងចិត្ត និង មោទនភាពដើម្បីគណបក្សប្រជាជនកម្ពុជាបានរួមរស់ជាមួយបងប្អូន និង បន្តនៅជាម្លប់កសាងសន្តិភាព ការអភិវឌ្ឍន៍ រីកចម្រើនទៅមុខជាលំដាប់។ ឯកឧត្តម ប្រធានគណៈចលនា ក៏បានផ្តាំផ្ញើដល់បងប្អូន សូមកុំភ្លេចអោយសោះ ថ្ងៃ២៩ កក្កដា ២០១៨ ដែលនៅសល់ជាង១ខែទៀតប៉ុណ្ណោះ គឺបងប្អូនត្រូវទៅបោះឆ្នោតអោយបានគ្រប់គ្នា សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលឈរលំដាប់លេខរៀងទី២០ ដើម្បីបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តនៅជានាយករដ្ឋមន្រ្តីនៅអាណត្តិនេះ និងនៅអាណត្តិក្រោយៗទៀត។