ពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយការងារជូនបុគ្គលិកអប់រំ និងផ្ដល់ទង់ជ័យលាភី ប័ណ្ណសរសើរជូនអង្គភាពមានស្នាដៃការងារល្អ នៅខេត្តកំពង់ចាម


ខេត្តកំពង់ចាម៖ ដើម្បីលើកទឹកចិត្តដល់មន្ត្រីអប់រំ និងអង្គភាពដែលមានស្នាដៃល្អក្នុងការបំពេញការងារដើម្បីបុព្វហេតុលើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំ ឱ្យដំណើរទៅប្រកបដោយជោគជ័យក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយការងារជូនបុគ្គលិកអប់រំ និងផ្ដល់ទង់ជ័យលាភី ប័ណ្ណសរសើរជូនអង្គភាពមានស្នាដៃការងារល្អ ក្នុងឆ្នាំសិក្សាកន្លងមក។

ពិធីនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ អប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.នៅខេត្តកំពង់ចាម។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតបានជំរុញលើកទឹកចិត្តមន្ត្រីគ្រប់រូប អោយខិតខំបំពេញការងារឱ្យអស់លទ្ធភាព និងតម្រង់ទិសវិស័យអប់រំនៅកម្ពុជាដើម្បីបង្កើតធនធានមនុស្សដ៏មានចំណេះដឹង និងជំនាញសមត្ថភាពពិតប្រាកដ ដើម្បីយកឧត្ដមភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។

សូមជម្រាបថា បុគ្គលិកអប់រំ ដែលទទួលបានមេដាយមាសមានចំនួន ១៥២៩នាក់ ស្រី៦០៦នាក់ និងអង្គភាពដែលទទួលបានទង់ និងប័ណ្ណសរសើរមានចំនួន៣៧អង្គភាព៕