គណបក្សប្រជាជនកម្ពុជា បញ្ជាក់ពីជំហររឿងសមរង្ស៊ី


Isue 06 09 16 copy

     មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចក្នុងរាជរដ្ឋាភិបាលបានថ្លែងថា គណបក្សប្រជាជនកម្ពុជានៅតែរក្សាគោលជំហរដដែលចំពោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ។

     មន្ត្រីអ្នកនាំពាក្យ លោក សុខ ឥសាន ត្រូវបានសារព័ត៌មានក្នុងស្រុកបានដកស្រង់ប្រសាសន៍ ថ្លែងនៅថ្ងៃទី៥ ខែកញ្ញានេះថា ដោយសារកន្លងមក មេដឹកនាំគណបក្សប្រឆាំង បានផ្តល់មេរៀន និងបទពិសោធន៍យ៉ាងជូរចត់ ដល់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ដូច្នេះគឺគ្មានការសម្របសម្រួល ផ្នែកនយោបាយណាមួយនោះទេ” ។

     ប្រសាសន៍របស់មន្ត្រី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទន្ទឹមនឹងស្ថានការណ៍ ដែលមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ កំពុងធ្វើសកម្មភាពនៅថ្ងៃនេះ ក្នុងការរកអន្តរាគមន៍ពីបណ្តាស្ថានទូតនានា ដើម្បីរកការវិលត្រឡប់របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ វិលត្រឡប់មកកម្ពុជាវិញ គ្រាដែលដំណាក់កាលចុះឈ្មោះបោះឆ្នោត បាននឹងកំពុងប្រព្រឹត្តនាពេល ។

     គួររំលឹកថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្រៅពីការផ្តន្ទាទោសដោយសាលក្រមស្ថាពរតុលាការ ទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅបានរងនឹងពាក្យបណ្តឹងមួយចំនួនទៀតនៅតុលាការ ដូចជាបណ្តឹងបរិហារកេរ្តិ៍លើ សម្តេចពញាចក្រី ហេង សំរិន… បណ្តឹងពាក់ព័ន្ធនឹងការបង្ហោះឯកសារក្លែង ទាក់ទងសន្ធិសញ្ញាទឹកដីរវាងកម្ពុជា និងវៀតណាម… និងបណ្តឹងចោទប្រកាន់ថា រាជរដ្ឋាភិបាល នៅពីក្រោយការធ្វើឃាត លោក កែម ឡី នោះផងដែរ ។

     មន្ត្រីអ្នកនាំពាក្យ លោក សុខ ឥសាន បានបញ្ជាក់ថា បើសិនជា លោក សម រង្ស៊ី មិនមកទទួលទោសតាមច្បាប់ទេ មេដឹកនាំគណបក្សប្រឆាំងរូបនេះ មិនអាចចូលប្រទេសកម្ពុជាបានឡើយ ។