សម្តេចក្រឡាហោមចេញលិខិតថ្កោលទោស សង្គ្រោះជាតិ


     ប្រធានក្រុមសភាមតិភាគច្រើនបានធ្វើលិខិតចំហរមួយ ថ្កោលទោសគណបក្សសង្គ្រោះជាតិ ដែលចោទប្រកាន់ ដំណើរការលទ្ធិប្រជាធិបតេយ្យ និងចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាកាន់អំណាច មិនគោរពនូវកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃ២៣ តុលា។

     លិខិតចំហរមួយរបស់ សម្តេចក្រឡាហោម ស ខេង តំណាងប្រធានក្រុមសភាមតិភាគច្រើន បានបញ្ជាក់ទៅវិញថា គឺសមាជិកសភាគណបក្សប្រឆាំងទៅវិញទេ ដែលកំពុងតែធ្វើអោយអន្តរាយដល់លទ្ធិប្រជាធិបតេយ្យនិងស្ថាប័ននយោបាយរបស់ប្រទេស ដែលត្រូវបានកសាងជាជំហាន ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ដោយរាជរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ ។

     លិខិតចំហររបស់ សម្តេចក្រឡាហោម ស ខេង បានប្រព្រឹត្តទៅ បន្ទាប់ពីក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ បានធ្វើញ្ញត្តិទៅស្ថានទូតបរទេសនានា ក្នុងគោលបំណងចង់រកការជួយអន្តរាគមន៍ លោក សម រង្ស៊ីដែលនិរទេសខ្លួនឯងនៅក្រៅស្រុក ដើម្បីវិលត្រឡប់មកកម្ពុជាវិញ ដោយរួចពីការផ្តន្ទាទោសពីតុលាការ ។ ញ្ញត្តិរបស់គណបក្សសង្គ្រោះជាតិ បានចោទថាគណបក្សប្រជាជនកម្ពុជា បានបំពានលើកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃ២៣ តុលា ឆ្នាំ១៩៩១… និងចោទថា លទ្ធិប្រជាធិបតេយ្យកំពុងធ្លាក់ចុះ ។

     សម្តេចក្រឡាហោម បានមានប្រសាសន៍ក្នុងលិខិតចំហរថ្ងៃទី៧ កញ្ញានេះថា គឺសមាជិកសភាគណបក្សប្រឆាំងទេ ដែលតែងទាញយកផលប្រយោជន៍ នៃអភ័យឯកសិទ្ធិ ដើម្បីបម្រើគោលបំណងនយោបាយ និងអាត្មានិយមរបស់គេ ។ លិខិតបន្តថា ពួកគេបានប្រើប្រាស់អភ័យឯកសិទ្ធិជាខែល ដើម្បីការពារខ្លួននៅពេលបំពាន ច្បាប់ និងរដ្ឋធម្មនុញ្ញ ។ លិខិតបានលើកឧទាហរណ៍ជាក់ស្តែង នៃការប្រព្រឹត្តខុសរបស់ លោក កឹម សុខា និងលោក សម រង្ស៊ី ។ លិខិតដដែលបានថ្លែងថា ក្រុមសភាមតិភាគច្រើន សូមធ្វើការថ្កោលទោសលិខិតចំហររបស់ គណបក្សសង្គ្រោះជាតិ ។ លិខិតរបស់សម្តេចក្រឡាហោម បានទទួចសុំអោយសហគមន៍អន្តរជាតិ និងថ្នាក់ដឹកនាំប្រទេសនានារបស់អាស៊ាន យកទស្សនៈរបស់ខ្លួន ដោយផ្អែកលើស្ថានភាពពិតនៅកម្ពុជា ។

     សម្តេចក្រឡាហោមបញ្ជាក់ថា បើលទ្ធិប្រជាធិបតេយ្យកំពុងតែធ្លាក់ចុះ ដូចគណបក្សប្រឆាំងអះអាងមែននោះ ប្រជាជនកម្ពុជាមិនអាចទទួលបាននូវសន្តិភាព និងវិបុលភាពដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រឡើយ…ហើយអ្វីដែលសមាជិកសភាគណបក្សប្រឆាំងកំពុងតែធ្វើ គឺកំពុងតែបំផ្លាញផលប្រយោជន៍ និងមុខមាត់ប្រទេសជាតិ ដូច្នេះពួកគេត្រូវតែទទួលខុសត្រូវ ។