ឯកឧត្តម សុខ ឥសាន បានហៅការអំពាវនាវរបស់ជនជាតិវៀតណាមនាំគ្នាមកបោះឆ្នោតនៅកម្ពុជា របស់ក្រុមអតីតបក្សប្រឆាំងជាល្បិចកលទាល់ច្រក


ភ្នំពេញ ៖ អ្នកនំាពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានហៅការអំពាវនាវ របស់ជនជាតិវៀតណាមនាំគ្នា មកបោះឆ្នោតនៅកម្ពុជា របស់ក្រុមអតីតបក្ស ប្រឆាំងជាល្បិច កលទាល់ច្រក និងភូកកុហក នៅលើគោកសុទ្ធសាធ។

ការលើកឡើងរបស់អ្នកនំាពាក្យ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអ្នកលេង បណ្តាញសង្គម ហ្វេសប៊ុក បានស៊ែរផេកហ្វេសប៊ុក ជាបន្តបន្ទាប់របស់សមាគមវៀតណាម នៅកម្ពុជាបាន សរសេរខ្លឹមសារយ៉ាងច្រើន។ ក្នុងនោះបានលើកឡើងថា “បងប្អូនវៀតណាមគ្រប់រូបនៅកម្ពុជា អាចចូលសញ្ជាតិខ្មែរបានគ្រប់ពេលវេលា ហើយនាំគ្នាទៅបោះឆ្នោត”។

យ៉ាងណាក្តី ឯកឧត្តម សុខ ឥសាន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨  បានហៅការលើក ឡើងនោះ ជាល្បិចកលកាន់តែឆ្កួតលីលារបស់មជ្ឈដ្ឋានប្រឆាំង។

ឯកឧត្តមថា នៅពេលដែលការបោះឆ្នោត កាន់តែខិតជិតមកដល់មជ្ឈដ្ឋាន អតីតបក្សប្រឆាំង កាន់តែបង្កើនឧបាយកលពិសពុល មកសាបព្រួសយ៉ាងអគតិ ដោយប្រឌិតព័ត៌មានថា មានសមាគមវៀតណាមមួយ បានអំពាវនាវ ឲ្យជនជាតិវៀតណាម ទៅចូលរួមបោះ ឆ្នោតនៅកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា “នេះគឺល្បិចកលប្រកប ដោយការត្រដរខ្យល់មុននឹងស្លាប់។ ជាការញុះញង់ និងរើសអើងជាតិសាសន៍ ដែលពួកនេះតែងតែអនុវត្ត តាំងពីដើមរៀងមក ។ ជាការមួល បង្កាច់សភាពការណ៍ ដើម្បីដុតកំហឹងជាតិសាសន៍ ។ ជាក្បួនភូតច្រើនចាញ់ អាត្មា ។ ជាល្បិចកលទាល់ច្រក និងនៅលើគោក”។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ ឥសាន បានអះអាងថា ប្រជាជនកម្ពុជា គ្រាន់តែឃើញល្បិច កលនេះ ស្គាល់ដល់មុខ និងឈ្មោះក្រុមជនអគតិទាំងនោះ យ៉ាងច្បាស់ គឺគ្មាននរ ណាក្រៅពី ពួកឧទ្ទាមប្រឆាំងឡើយ ៕