ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងពិនិត្យទីតាំងសម្រាប់សាងសង់អគារសិក្សា ១ខ្នង នៅសាលាបឋមសិក្សាគោកត្រប់ ម៉ុនស្ទែរ


នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងពិនិត្យទីតាំងសម្រាប់សាងសង់អគារសិក្សា ១ខ្នង នៅសាលាបឋមសិក្សាគោកត្រប់ ម៉ុនស្ទែរ ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តម ក៏បានជំរុញឲ្យលោកគ្រូ​ អ្នកគ្រូ​ ជួយពន្យល់ និងណែនាំបងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំគោកត្រប់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា ដើម្បីបោះឆ្នោតជូន គណបក្សណាដែលបងប្អូនស្រលាញ់ ពេញចិត្ត ដែលតែងតែនៅរួមសុខរួមទុក្ខ រក្សាការពារ ជាពិសេសយល់ច្បាស់ អំពីតម្រូវការ គិតគូអំពីសុខទក្ខ និងនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់ថវិកាចំនួន៤៥០$ ដើម្បីចាក់ដីបំពេញទីធ្លាសាលា ។