ឯកឧត្តម សុខ ឥសាន ថា នៅពេលដែលការបោះឆ្នោត រំកិលជិតមកដល់ពួកជនបរទេសមួយចំនួនរួមទាំង អង្គការអនាធិបតេយ្យនៅបរទេស បានខិតខំបង្កើតបញ្ហា មួយហើយមួយទៀត


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (ប្រ.ជ) បានអះអាង ថា ការធ្វើនយោបាយទុច្ចរិត របស់ក្រុមប្រឆាំងពី ខាងក្រៅប្រទេស មិនអាចរំលោភបំពានឯករាជ្យភាព កម្ពុជាបានឡើយ ។

ការលើកឡើងរបស់អ្នកនាំពាក្យ គណបក្សកាន់អំណាចនេះ ស្របពេលដំណើរការបោះ ឆ្នោតជ្រើសតាំង អ្នកតំណាងរាស្ត្រអាណត្តិទី៦ កាន់តែខិតជិតមកដល់ គឺបើគិតត្រឹមថ្ងៃ ទី២៣ កក្កដា នៅសល់តែ៦ ថ្ងៃទៀតប៉ុណ្ណោះ ។ អ្នកនាំពាក្យគណបក្សកាន់អំណាច និង គ.ជ.ប បានអះអាងដូចគ្នាថា ការបោះឆ្នោតនឹង ប្រព្រឹត្តិទៅដោយរលូន មិនមានភាពចម្រូងចម្រាស ឬក្លែងក្លាយ ដូចក្រុមប្រឆាំងលើកឡើងនោះទេ ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធ តេឡេក្រាមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ថា នៅពេលដែលការបោះឆ្នោត រំកិលជិតមកដល់ពួក ជនបរទេសមួយចំនួនរួមទាំង អង្គការអនាធិបតេយ្យនៅបរទេស បានខិតខំបង្កើតបញ្ហា មួយហើយមួយទៀត មិនចេះចប់ ដើម្បីបន្ទាបបន្ថោកឥទ្ធិពល ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ដោយចោទប្រកាន់ទាំងភ្លីភ្លើម កលើឥស្សរជនកម្ពុជាមួយចំនួន ថាប្រព្រឹត្តអំពើពុករលួយ ឬល្មើសច្បាប់ផ្សេងៗ តាមដែលពួកគេនឹកឃើញ ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យគណបក្សកាន់អំណាច ក៏បានលើកឡើងថា បើមានករណីនេះកើតឡើង មូលហេតុអ្វីបានទើបតែ មកដល់ជិតថ្ងៃបោះឆ្នោត លើកយកមកនិយាយ មិនជាចេតនាទុច្ចរិតទេឬ ដោយសារតែកាន់ជើងពួកឧទ្ទាម ក្រៅច្បាប់ជាអាយ៉ងនោះ ។

ឯកឧត្តមបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា ជារាជរដ្ឋាភិបាលស្របច្បាប់ ។ ការដឹកនាំ ប្រទេសមានកម្មវិធីនយោបាយ គោលការណ៍ច្បាស់លាស់ និងមានច្បាប់មិនមែនចេះតែ បណ្តែតបណ្តោយឲ្យជនណា ធ្វើស្រេចនឹងចិត្តបានទេ រួមទាំងអ្នកនយោបាយ និងអ្នកជំនួញព្រមទាំង ប្រជាពលរដ្ឋទូទៅផង” ។

ស្របពេលនេះដែរ ក្រុមអតីតគណបក្សប្រឆាំង បានកំពុងខិតខំធ្វើការគៀរគរ សកម្មជនរបស់ខ្លួនមិនឲ្យ ទៅបោះឆ្នោត ហើយគ្រោងធ្វើបាតុកម្មមុនមួយថ្ងៃ នៃថ្ងៃបោះឆ្នោតផងដែរ ប៉ុន្តែបើតាមការអះអាងរបស់ លោក សុខ ឥសាន ថា រាជរដ្ឋាភិបាលនឹងចាត់វិធានការឲ្យ មានប្រសិទ្ធភាពប្រសិនបើមាន ករណីនេះកើតឡើងនៅកម្ពុជា ។

ទាក់ទងនិងការអំពាវនាវ ដល់ដល់បរទេសដាក់ ទណ្ឌកម្មមកកម្ពុជារបស់ក្រុម អតីតបក្សប្រឆាំងនោះដែរ ត្រូវបានអ្នកនាំពាក្យគណបក្ស កាន់អំណាចលើកឡើងថា នៅពេល បោះឆ្នោតកាន់តែជិតឈាន មកដល់នាពេលឆាប់ៗនេះ ពួកឧទ្ទាមក្រៅច្បាប់កាន់តែ បង្កើតសកម្មភាពប្រទូសរ៉ាយ ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា កាន់តែមមាញឹកដែរ ជាពិសេសពួកគេខិតខំ ទៅជំរុញមេក្លោងរបស់ពួកគេ ឲ្យសង្ខុញដាក់ទណ្ឌកម្ម មកលើកម្ពុជាឲ្យបានឆាប់ គឺមុនការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ៕