ឯកឧត្តម សុខ ឥសាន បានលើកឡើងថា រាជរដ្ឋាភិបាលគួរពិនិត្យ ផ្លូវច្បាប់ដើម្បី ចាប់ខ្លួនពួកឧទ្ទាមក្រៅច្បាប់ ដែលនៅតែព្រហើនធ្វើសកម្មភាព បំផ្លាញសន្តិភាពស្ថិរភាព នយោបាយ សុខសុវត្ថិភាពរបស់ប្រទេសជាតិ


ភ្នំពេញ៖ ឯកឧត្តម  សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានលើកឡើងថា​ រាជរដ្ឋាភិបាលគួរពិនិត្យ ផ្លូវច្បាប់ដើម្បី ចាប់ខ្លួនពួកឧទ្ទាមក្រៅច្បាប់ ដែលនៅតែព្រហើនធ្វើសកម្មភាព បំផ្លាញសន្តិភាពស្ថិរភាព នយោបាយ សុខសុវត្ថិភាពរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។

ការលើកឡើងរបស់ឯកឧត្តម សុខ ឥសាន បែបនេះបានធ្វើឡើងបន្ទាប់ ពីរដ្ឋាភិបាលតួកគី មានគម្រោងចាប់មនុស្ស ៤៦០០ នាក់ទៀតដែលកំពុងគេចខ្លួន នៅតាមបណ្តាប្រទេសចំនួន ១១០ នៅជុំវិញពិភពលោក ។

ឯកឧត្តម សុខ ឥសាន សរសេរតាម រយៈបណ្ដាញទំនាក់ទំនង តេឡេក្រាម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ថា នៅក្នុងការធ្វើរដ្ឋប្រហារ មិនបានសម្រេចកាលពីឆ្នាំ២០១៦  រដ្ឋាភិបាល តួកគីដឹកនាំដោយ លោក អ៊ែរ ដូហ្គាន់ បានចាប់មនុស្ស១៥០០០០នាក់ ឃុំខ្លួន ចំនួន ៩០០០០ នាក់។ ឥឡូវនេះរដ្ឋាភិបាលតួកគី មានគម្រោងចាប់មនុស្ស ៤៦០០ នាក់ទៀតដែលកំពុងគេចខ្លួន នៅតាមបណ្តាប្រទេសចំនួន ១១០ នៅជុំវិញពិភពលោក។

ឯកឧត្តម សរសេរបន្តថា រឿងនៅតួកគី មានលក្ខណៈដូចគ្នានឹងនៅកម្ពុជាដែរ ដែលក្រុមខ្មែរមួយក្រុមនាំគ្នា អនុវត្តផែនការរបស់រដ្ឋាភិបាលបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែរ ដូចការធ្វើរដ្ឋប្រហារដែរ គ្រាន់តែទប់ស្កាត់ទាន់ពេល តែប៉ុណ្ណោះ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “ដូច្នេះគួររាជរដ្ឋាភិបាលពិនិត្យផ្លូវច្បាប់ដើម្បីនាំខ្លួនពួកឧទ្ទាមក្រៅច្បាប់ដែលនៅតែ ព្រហើនធ្វើសកម្មភាពបំផ្លាញសន្តិភាពស្ថិរភាពនយោបាយសុខសុវត្ថិភាពរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ ប្រទេសតួកគីធ្វើបាន កម្ពុជាក៏អាចធ្វើបានដែរ”៕