ឯកឧត្តម សុខ ឥសាន បានអះអាងថា ពលរដ្ឋមិនអាចគូសសញ្ញាធិក ដូចគ្នាទាំងអស់ ដូចតាមការចង់បានរបស់ គណបក្សសម្ព័ន្ធដើម្បី លទ្ធិប្រជាធិបតេយ្យ (LDP) នោះទេ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានអះអាងថា ពលរដ្ឋមិនអាចគូសសញ្ញាធិក ដូចគ្នាទាំងអស់ ដូចតាមការចង់បានរបស់ គណបក្សសម្ព័ន្ធដើម្បី លទ្ធិប្រជាធិបតេយ្យ (LDP) នោះទេ ។
ការលើកឡើងរបស់ អ្នកនំាពាក្យគណបក្ស កាន់អំណាចនេះ បន្ទាប់ពីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យ បានស្នើឲ្យ គ.ជ.ប ទទួលស្គាល់សន្លឹកឆ្នោតបានការ គឺសញ្ញាធិក និងសញ្ញាប្រហាក់ប្រហែល សម្រាប់ការបោះឆ្នោតជ្រើសតាំង អ្នកតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ ខាងមុខ ។
ឯកឧត្តម សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ថា ការស្នើឲ្យប្រជាជនជាម្ចាស់ឆ្នោត គូសធិកឲ្យដូចៗគ្នានោះ មិនអាចទៅរួចទេ ។ ការស្នើសុំនេះ ផ្ទុយពីច្បាប់ដែលមិនតម្រូវឲ្យកំណត់ សញ្ញាណាមួយជាក់លាក់នោះទេ ។ ឯកឧត្តមបន្តថា ប្រជាជនកម្ពុជាមានការ យល់ដឹងខុសគ្នាមិនអាច គូសដូចគ្នាទេ ។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ ឥសាន ក៏បានលើកឡើងថា ការចោទគណបក្សប្រជាជនកម្ពុជា ទិញសន្លឹកឆ្នោត ឬសម្លុគំរាមកំហែង ដើម្បីឈ្នះឆ្នោត គឺជាការចោទដោយឆោតល្ងង់ ពីព្រោះការបោះឆ្នោត ប្រព្រឹត្តទៅដោយសម្ងាត់ គេមិនអាចយកការ សម្លុតគំរាមកំហែង ដើម្បីឲ្យប្រជាជន បោះឆ្នោតឲ្យនោះទេ ។
ឯកឧត្តមក៏បានអះអាងថា គណបក្សប្រជាជនកម្ពុជា ពិតជាឈ្នះឆ្នោតច្រើនលើសលុប ដោយសារគណបក្សមានស្នាដៃ និងគុណសម្បត្តិធំធេង សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ព្រោះប្រជាជនសុទ្ធតែ បានមើលឃើញផ្ទាល់ ស្ទាបត្រូវនឹងដៃ បានទទួលផលប្រយោជន៍ ។ ស្នាដៃទាំងនេះ របស់គណបក្សប្រជាជនកម្ពុជា គឺជាទឡ្ហីករណ៍ និងភស្តុតាង ដ៏មានសក្តានុពល ដើម្បីប្រជាជនបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំជោគវាសនា ប្រទេសតទៅទៀត ៕